រដ្ឋបាលខេត្តកំពង់ស្ពឺ និងអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ល្អលើគ្រប់វិស័យ

កំពង់ស្ពឺ៖ ថ្ងៃអង្គារ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានអគ្គកុងស៊ុល នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនោះដែរស្ថានអគ្គកុងស៊ុលវៀតណាម បានសម្ដែងនូវការកោតសរសើរចំពោះ កិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ស្ពឺ និងអគ្គកុង ស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលបានថែរក្សា ចំណង់មិត្តភាព និង សហប្រតិបត្តិការគ្នាបានយ៉ាងល្អ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការទូត របស់ ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) លើគ្រប់វិស័យផងដែរ៕