លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃអាទិត្យនេះថា គណបក្ស សម រង្ស៊ី នឹងត្រូវប្តូរឈ្មោះទៅជា «គណបក្សភ្លើងទៀន» (Candle Light Party)។ លោក បកស្រាយពីមូលហេតុនៃការជ្រើសរើសឈ្មោះនេះ យ៉ាងដូច្នេះថា៖«យើង សម្រេចចិត្តដាក់ឈ្មោះថា គណបក្សភ្លើងទៀន ព្រោះប្រជាពលរដ្ឋភាគច្រើនធ្លាប់ហៅអ៊ីចឹង។ ប្រជាពលរដ្ឋ តែងហៅគណបក្សសម រង្ស៊ី ថាគណបក្សភ្លើងទៀន គណបក្សភ្លើងទៀន។ ដូច្នេះឈ្មោះហ្នឹង ប្រជាពលរដ្ឋស្គាល់ច្រើន ហើយងាយចងចាំទៀត។ នេះហើយជាហេតុផលដែលយើងសម្រេចយកឈ្មោះហ្នឹង»។
លោក ទាវ វណ្ណុល បន្តថា គណបក្ស នឹងធ្វើសមាជវិសាមញ្ញនាពេលខាងមុន ដើម្បីអនុម័តប្រើឈ្មោះគណបក្សភ្លើងទៀន ជាផ្លូវការ ជំនួសឲ្យគណបក្ស សម រង្ស៊ី ដែលនឹងត្រូវលុបចេញ។ យ៉ាងណា លោក ប្រាប់ថា គណបក្ស មិនទាន់កំណត់ពេលវេលាជាក់លាក់ ក្នុងការធ្វើសមាជវិសាមញ្ញឡើយ។
លោក ទាវ វណ្ណុល បន្ថែមថា គណបក្ស សម រង្ស៊ី ដែលទៅមុខ នឹងប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀន នឹងមិនដាក់បេក្ខជនឲ្យឈរឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនានា ទៀតទេ។ ប៉ុន្តែ លោក បានសង្កត់ធ្ងន់ថា គណបក្សនេះ នឹងរក្សាទុកជាប្រវត្តិសាស្ត្រ ដោយមិនត្រូវរំលាយចោលនោះទេ ទោះជាពេលទៅមុខ សមាជិកសំខាន់ៗ ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ក៏ដោយ។
បច្ចុប្បន្នគណបក្ស សម រង្ស៊ី ដែលនឹងមានឈ្មោះថ្មីថា «ភ្លើងទៀន» កាន់កាប់អាសនៈចំនួន១១ ក្នុងព្រឹទ្ធសភា ដែលត្រូវរក្សារហូតដល់ការបោះឆ្នោតព្រឹទ្ធសភាថ្មីនៅឆ្នាំ២០១៨ ខាងមុខនេះ។
ការប្តូរឈ្មោះនេះ គឺដើម្បីឲ្យស្របនឹងមាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងចូលជាធរមាន នាពេលថ្មីៗនេះ។ មាត្រាថ្មីក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានសរសេរបន្ថែម ដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានកំណត់ថា គណបក្សនយោបាយ មិនអាចយកឈ្មោះរបស់បុគ្គល ទៅធ្វើជាឈ្មោះគណបក្សនោះទេ ហើយក៏មិនអាចយករូបរបស់បុគ្គល ទៅធ្វើជាសញ្ញាសម្គាល់គណបក្ស ដែរ។
នៅមានមាត្រាសំខាន់ៗផ្សេងទៀត ដែលត្រូវបានសរសេរឡើង ដើម្បីបន្ថែមទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ មាត្រាថ្មីទាំងនោះ មានដូចជា ការមិនអនុញ្ញាតឲ្យគណបក្សនយោបាយ ប្រើប្រាស់រូបថត សារជាសំឡេង វីដេអូ និងឯកសារជាលាយលក្ខណ៍អក្សរ របស់អ្នកទោស ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ ជាដើម។ មាត្រាថ្មី ក៏មិនអនុញ្ញាតឲ្យគណបក្សនយោបាយ គាំទ្រសកម្មភាពណាមួយរបស់អ្នកទោស ផងដែរ។ ដោយផ្នែកលើមាត្រាថ្មី ប្រសិនបើគណបក្សណាមួយ បានប្រព្រឹត្តនូវទង្វើខាងលើ តុលាការ អាចមានអំណាច ដើម្បីរំលាយគណបក្សនោះ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានកែប្រែចំនួនពីរហើយ ក្នុងឆ្នាំ២០១៧នេះ។ លើកទីមួយ កាលពីដើមឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានកែប្រែថា អ្នកទោស មិនអាចធ្វើជាប្រធានគណបក្ស និងធ្វើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សណាមួយឡើយ។ តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាអ្នកផ្តួចផ្តើម ក្នុងការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយទាំងពីរលើកនេះ។ ហើយអ្នក ដែលស្នើឲ្យកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ គឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែកឯ គណបក្សសង្គ្រោះជាតិ បានប្រឆាំងនឹងការកែប្រែច្បាប់នេះ៕