សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាពដល់វិស័យឯកជនស្ថិតក្នុងខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោក្រុងស្វាយរៀង លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាពដល់វិស័យឯកជនស្ថិតក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង A2J ។

សិក្ខាសាលានេះរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់វិស័យឯកជន ឲ្យអនុវត្តកាតព្វកិច្ច ដូចដែលបានបញ្ញត្តិក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសមកចុះបញ្ជិកាជាមួយក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ៕