នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំព្រៃបាសាក់អគារ ខ សាលាខេត្ត ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រុមការងារស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ ដឹកនាំដោយលោកស្រី យឿង ហ្វីញគីមងឹន នាយករងមជ្ឈមណ្ឌលផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីត្រៀមផែនការរៀបចំកម្មវិធីប្រណាំងកង់អន្តរជាតិឈ្មោះថា «ការប្រណាំងកង់គ្មានព្រំដែន» របស់ស្ថានីយវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្លងកាត់៤ប្រទេសរួមមាន វៀតណាម កម្ពុជា ថៃ និងឡាវ ។
កម្មវិធីប្រណាំងកង់នេះ មានរយៈពេល១៤ថ្ងៃ ( ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ ) មានកីឡាករចូលរួមមកពី០៤ប្រទេស មានវៀតណាម កម្ពុជា ឡាវ ថៃ ចេញដំណើរពីទីក្រុងហូជីមិញ ឆ្លងកាត់ខេត្តស្វាយរៀង ភ្នំពេញ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងចូលទៅប្រទេសឡាវ ៕