លោក​ ម៉ឹង យូឡេ ប្រធាន​មន្ទីរសាធារណ​ការខេត្តកណ្តាល​ប្រព្រឹត្តអំពើ​ពុករលួ​យ

ថ្មីៗ​កន្លងទៅនេះ​មាន​សេចក្តីរាយការណ៍​ថា ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ទាំងនោះ គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ដឹក​លើស​ទម្ងន់​ឬ មិន​លើស​ទម្ងន់​នោះទេ​។ ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ លេខ​៤​ចូលមក​រាជធានី​ភ្នំពេញ បាន​អះអាងថា​ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​គឺ​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​អង្គស្នួល តាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការរំខាន​។

 

ចំណែក​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល គឺជា​អ្នក​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងស្រុក​អង្គស្នួល ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ងងើល​។​

 

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា​អំពើពុករលួយ​របស់លោក ម៉ឹង យូរ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ​ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទៅវិញ​។

 

ឥឡូវនេះ​ប្រភពពី​ក្រុមមន្ត្រី​រាជការ​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ម៉ឹង យូ​ឡេង ដែលជា​ប្រធាន​មន្ទីរ​និង​លោក ជួរ ឈុន​ឡេង ជា​អនុប្រធាន​មន្ទីរ ព្រមទាំង​បក្ខពួក​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល ជាបន្ទាន់​។​

 

មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្តាល បានបញ្ជាក់​ថា​លោក ជួរ ឈុន​ឡេង ដែលជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​ពី​រថយន្ត​ដឹកទំនិញ ដឹក​ថ្ម ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស យ៉ាង​សប្បាយចិត្ត​បើទោះបី​រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង និង​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ហើយ​គួរ​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​ក្រោម ឱវាទ​ខ្លះ​ផង​។​

 

ទាក់ទង​បញ្ហា​ខាងលើនេះ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣​ជាពិសេស​ឆ្លងកាត់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​កំពង់ទួល ស្រុក​កណ្តាលស្ទឹង និង​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បាន​ឲ្យ​ដឹងថា​បើទោះបី​ពួកគាត់​ដឹកទំនិញ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ទៅតាម​ការកំណត់​ដែរ​ទើប​អាច​ចៀស​ផុតពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ជាងនេះទៅទៀត​លោក ជួរ ឈុន​ឡេង ដែលមាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង បាន​បង្កើត​ក្រុមមន្ត្រី​ចល័ត​ឲ្យ​ធ្វើ​សកម្មភាព​តាម​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស ដឹក​ថ្ម ដែល​បើកបរ​តាម​ផ្លូវលំ​ក្នុងភូមិ​យ៉ាង​កំរោល​ទៀតផង​។

 

ដូច្នេះ​ល្មម​ដល់ពេល​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់ការ​ទៅលើ​មន្ត្រី​ពុករលួយ​តាមច្បាប់​ហើយ​៕​