ទារលុយហ្គេមបាញ់ត្រីក្នុងខណ្ឌឬស្សីកែវមិនបាន ទាញកាំភ្លើងបាញ់ចំស្ត្រីពោះធំម្នាក់

ភ្នំពេញ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិលអះអាងថាខ្លួនជាមន្ត្រីសមត្ថកិច្ចមានID និងកាំភ្លើងមកបាញ់អ្នកគ្រប់គ្រងមើលទូរហ្គេមបាញ់ត្រីព្រោះទាលុយឲតិចពេក ហើយខ្ទាតគ្រាប់កាំភ្លើងនោះទៅចំស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរថ្មើរជើងបណ្ដាលឲ្យរបួសធ្ងន់ទាំងកំពុងមានផ្ទៃពោះ ព្រោះតែទៅសុំលុយកន្លែងបាញ់ត្រីមិនបានដូចចិត្ត។ ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវរទេះភ្លើង ក្បែរនឹងផ្លូវទំនប់ទួលគោក ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

យោងតាមសម្ដីបុរសម្នាក់មានឈ្មោះសាំង ណារិទ្ធ អាយុ៣០ឆ្នាំ មុខរបរមើលទូរហ្គេមបាញ់ត្រីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់នៅអង្គុយមើលកន្លែងល្បែងហ្គេមបាញ់ត្រីខាងលើ ហើយក៏ត្រូវបានបុរសម្នាក់ដែលជាមន្ត្រីសមត្ថកិច្ច មានID និងកាំភ្លើងខ្លីមួយដើម តែពុំស្គាល់មុខងារច្បាស់ថាតើជាប៉ូលិស ទាហ៊ាន ឬមន្ត្រីអាវុធហត្ថនោះទេ បានជិះម៉ូតូមិនចាំស្លាកលេខដើរចូលមកសុំលុយពីរូបគាត់ជាអ្នកមើលល្បែងហ្គេមបាញ់ត្រីអោយគេ ថាសុំចំនួន១០$ តែអ្នកមើលល្បែងហ្គេមបាញ់ត្រីថាលក់មិនដាច់ទេយកតែ៥ពាន់រៀលទៅបានហើយ ព្រោះទើបដាក់ហ្គេមបាញ់ត្រីទើបបានមួយអាទិត្យមិនទាន់មានអ្នកចូលមកលេងដឹងច្រើនទេ ស្រាប់តែពេលនោះបុរសម្នាក់ដែលអាងខ្លួនជាមន្ត្រីមានកាំភ្លើង បានដកកាំភ្លើងមកតម្រង់ក្បាលអ្នកមើលល្បែងហ្គេមបាញ់ត្រីតែម្ដង តែសំណាងល្អបុរសម្នាក់នោះបានគេចផុត ធ្វើឲ្យគ្រាប់កាំភ្លើងហោះទៅត្រូវស្ត្រីម្នាក់ឈ្មោះញ៉ ចាន់ថា អាយុ២៥ឆ្នាំដែលកំពុងកាន់ដៃកូនតូចដើរ កាត់មុខកន្លែងកើតហេតុបណ្ដាលឲ្យចំក្រោមពោះរងរបួសធ្ងន់ ។

ភ្លាមៗបុរសម្នាក់ដែលជាអ្នកមើលហ្គេមបាញ់ត្រី បានស្ទុះទៅឆក់យកកាំភ្លើង នឹងបានប្រតាយប្រទង់គ្នាធ្វើឲ្យធ្លាក់កាំភ្លើងនិងID ហើយជនដែលបាញ់បោះនោះបានរត់ឡើងលើម៉ូតូជិះគេចខ្លួនបាត់ស្រមោលពតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ដកហូតវត្ថុតាងនិងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីជ្រាវជ្រាវឈានដល់ចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។