ព្រះវិហារ៖ ដីព្រៃគ្រប់គ្រងដោយរដ្ឋរាប់រយហិចតាដែលមានទីតាំងស្ថិតក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត នៅខាងលិចចំនុចភូមិត្បាល់ចាស់ ដែលគេអះអាងថាត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ មានតួនាទីជានាយការិយាល័យអភិវឌ្ឍន៏កងពលតូចអន្តរាគមន៏លេខ៧ និងល្បីថាជាមន្ត្រីយោធាម្នាក់ដែលមានជំនាញខាងដើរឈួសឆាយដីព្រៃដែលគ្រប់គ្រងដោយរដ្ឋ ហើយឈរលក់អោយទៅអ្នកមានលុយនិងអំណាចនោះ កំពុងតែរងការចោទប្រកាន់។ ជាក់ស្តែងនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩មានគ្រឿងចក្រកំពុងធ្វើសកម្មភាពឈួសឆាយដីព្រៃស្ថិតទីតាំងខាងលើយ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីជំនាញណាហ៊ានបង្ក្រាបឡើយ។
ប្រភពបានអោយដឹងថាដីព្រៃកំពុងឈូសឆាយនោះមានចំនួនពីររយហិចតា(២០០ហិចតា)ជាដីដែលគ្រប់គ្រងដោយរដ្ឋតែត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ លក់ទៅអោយថៅកែម្នាក់ឈ្មោះហាប់ ដែលគេល្បីថាឈ្មោះនោះជាមន្ត្រីPMនិងជាកូនលោកអភិបាលក្រុងប៉ោយប៉ែតទៀតផង។
ប៉ុន្តែបើតាមអោយដឹងពីមន្ត្រីយោធាម្នាក់បានលួចបង្ហើបថាដីទាំងអស់នេះ វាជាដីគ្រប់គ្រងដោយរដ្ឋទាំងអស់ក្រោយមកខាងកងពលស្នើសុំថ្នាក់លើដើម្បីអភិវឌ្ឍន៍គ្រួសារកងទ័ព ដែលមានផ្ទៃដីជាងប្រាំពាន់ហិចតា(ជាង៥០០០ហិចតា)។ តែមិននឹកស្មានដល់ថាដីនោះត្រូវបានលោក ហ៊ុន ហូរ ឃុបឃិតគ្នាជាមួយអ្នកមានអំណាចមួយចំនួននៅក្នុងកងពលលេខ៧ កាត់ពុះលក់ទៅអោយក្រុមឈ្មួញធ្វើកម្មសិទ្ធបុគ្គលស្ទើរគ្មានសល់ហើយយកលេសថាដីនោះបានប្រគល់អោយប្រជាពលរដ្ឋវិញ ព្រោះមានផលប៉ះពាល់(ដូចពាក្យចាស់ពោលថាសត្វស្វាសុីបាយលាបពពែ)។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោកវរៈសេនីយ៍ទោ ហ៊ុន ហូរ ប្រធានការិយាល័យអភិវឌ្ឍន៍នៃកងពលតូចលេខ៧ បានអោយក្រុមការងារយើងដឹងតាមទូរស័ព្ទកាលព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩នេះថា ចំពោះដីព្រៃកំពុងឈូសឆាយខាងលើ មានចំនួន២០០ហិចតាពិតប្រាកដមែន តែឥឡូវនៅសល់តែ១៥ហិចតាទេកំពុងឈូសបង្ហើយ។ ហើយលោកមិនមែនជាអ្នកលក់ទេ គឺឈ្មោះហាប់ បានទិញពីអ្នកភូមិលោកគ្រាន់តែណែនាំអោយមកទិញប៉ុណ្ណោះ។ ឯរឿងថាជាដីរបស់កងទ័ពនោះក៏ត្រូវដែរ ព្រោះពីមុនគេកាត់ដីនោះអោយកងទ័ពឥឡូវអោយមកពលរដ្ឋវិញ។
លោកបន្តថាបច្ចុប្បន្នដីនោះមានម្ចាស់អស់ហើយ ភាគច្រើនអ្នកនៅផ្សារឡុងកឿ ក្រុងប៉ោយប៉ែត ជាខ្សែរថៅកែហាប់។ ចំណែកលោកឧត្តមសេនីយ៍ទោ ឌួង សំនាង មេបញ្ជាការកងពលតូចលេខ៧ បានបញ្ជាក់ថាមិនមានដីយោធានៅភូមិសាស្ត្រខាងលើឡើយ លោកអោយទៅសួរលោក ហ៊ុន ហូរ ខ្លួនឯង ព្រោះគេនៅទីនោះមុន
លោកមកកាន់តំណែងទៅទៀត៕