ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង១៖៤៥នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចលើភ្នំស្រង់មានជ័យ ស្ថិតក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលប្រពន្ធបាត់ប្តីយូពេក មិនឃើញត្រឡប់មកផ្ទះវិញ បន្ទាប់ពីប្រាប់ប្រពន្ធថា ទៅមើលចំការដំឡូងមីនៅឯភ្នំស្រង់មានជ័យ លុះក្រុមគ្រួសារទៅដើររកមើលក៍ប្រទះឃើញដេកស្លាប់នៅលើភ្នំ ដោយមានស្នាមរបួសនៅលើសៀតផ្កាខាងស្តាំ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖ ជនរងគ្រោះ មាន ឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យ លើសាកសពជនរងគ្រោះ និងទីតាំងកើតហេតុ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះ បានធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកកាំភ្លើងខ្លីកែឆ្នៃ ជាប្រភេទកាំភ្លើងខ្លីបាញ់គ្រាប់វ៉ាន់ឌឺឡុង ដែលរកឃើញនៅកន្លែងកើតហេតុ។
បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានមានទំនាស់ជាមួយប្រពន្ធ ដែលបានស្តីបន្ទោសអំពីរឿងផឹកស្រា ដោយប្រពន្ធបានព្រមានជនរងគ្រោះជាប្តីថា បើមិនឈប់ផឹកស្រានោះទេ គឺដេញជនរងគ្រោះឱ្យទៅរស់នៅផ្ទះឪពុកម្តាយ នៅឯខេត្តកំពង់ឆ្នាំងវិញ ហើយមុនពេលស្លាប់ប៉ុន្មានម៉ោង ជនរងគ្រោះ បានខលទូរស័ព្ទមកផ្តែរផ្តាំប្រពន្ធ និងអ្នកនៅចាំចំការឱ្យជួយមើលកូនផង។
បន្ទាប់ពីធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យយ៉ាងល្អិតល្អន់រួចមកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រគល់សពជនរងគ្រោះ ទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ៖ញ៉ឹប បូរី