ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ ក្រោយពីលួចយកគ្រឿងអលង្ការរបស់ម្ចាស់ផ្ទះ ហើយក៏រត់គេចខ្លួនមកស្នាក់នៅផ្ទះជួល។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅបន្ទប់ជួលលេខC4 ផ្លូវលេខ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ឈ្មោះ លឹម សម្បត្តិ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន និងប្រពន្ធឈ្មោះ ទ្រី សុខលៀប អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្នអ្នកទាំង ២នាក់ប្តីប្រពន្ធស្នាក់នៅភូមិបន្ទាយចាស់ ឃុំស្លាក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។ ចំណែកឯជនរងគ្រោះឈ្មោះ ប៉ិច ធីតា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅភូមិបន្ទាយចាស់ ឃុំស្លាក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។
បើតាមប្រពភព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៦និង១៥នាទីព្រឹក ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធខាងលើ បានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការនៅចំណុចក្នុងក្រុមហ៊ុន សន្តិសុខឯកជន មួយកន្លែង ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ ឃុំស្លាក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ដោយជនសង្ស័យទាំងនេះបានលួចយកសំភារៈមានតម្លៃដូចជា ខ្សែករចំនួន ២ដំលឹង,បន្តោងព្រះអង្គចំនួន ៦អង្គ, ខ្នោះចំនួន មួយ, ដំបងដែកចំនួន មួយ និងសំលៀកបំពាក់ចំនួន មួយ ហើយគិតជាទឹកប្រាក់ប្រហែលជា ២៥០០ដុល្លារអាមេរិក។ ក្រោយពីពួកគេទាំង ២នាក់ប្តីប្រពន្ធបានធ្វើសកម្មភាពលួចរួចមក ជនសង្ស័យទាំងនេះបាននាំគ្នារត់គេចខ្លួនពីខេត្តសៀមរាប ក្នុងគោលបំណងមករាជធានីភ្នំពេញ ដើម្បីលាក់ខ្លួន។
ក្រោយពីកើតហេតុ ភ្លាមៗជនរងគ្រោះបានប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លាក្រាម ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធយកមកដាក់ទោសតាមច្បាប់។
រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធជាក់ស្តែងនៅបន្ទប់ជួលលេខ C4 ដែលស្ថិតនៅតាមបណ្តាលផ្លូវលេខ១៨០០ ក្នុងសង្កាត់ទួលសង្កែ ដោយពេលឃាត់ខ្លួននោះ សមត្ថកិច្ចយើងដកហូតបានគ្រឿងអលង្ការមួយចំនួន ហើយកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធខាងលើរួចមក សមត្ថកិច្ចយើងបានធ្វើការប្រគល់ជនសង្ស័យទាំង ២នាក់នេះទៅកាន់ស្នងនគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ស៊ុនតិច