ក្មេងគ្រាន់តែឈ្លោះគ្នាបន្តិចសោះបែជាចាស់ៗវ៉ៃគ្នា!

បន្ទាយមានជ័យ: ក្មេងគ្រាន់តែ ឈ្លោះប្រកែកគ្នា បន្តិចបន្តួច ស្រាប់តែចាស់ៗបើកឆាកប្រយុទ្ធគ្នាមែនទែនលុះប៉ូលីសឃាត់ខ្លួនភាគីទាំងសងខាងសុំសម្រុះសម្រួលបញ្ចប់រឿងព្រោះរបួសតិចតួចណាមួយជាសាច់ញាតិនឹងគ្នាផង។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៧ នៅក្នុងភូមិ ព្រីងជូរ ឃុំ ភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ។ លោក អនុសេនីយ៍ទោ ក្រូច ហាក់ មេប៉ុស្តិ៍ នគរបាលឃុំភ្នំលៀប បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ត្រុកយួន ភេទស្រី អាយុ ៣១ឆ្នាំ បានរងរបួសដៃស្តាំ។ ចំណែកជនសង្ស័យ មានឈ្មោះ ណាន់ មឿយ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាបងប្អូនថ្លៃនិងគ្នាហើយរស់នៅជិតខាងនឹងគ្នានៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តឲ្យដឹងទៀតថា រឿងរ៉ាវជម្លោះ រហូតឈានទៅដល់ជា អំពើហិង្សានេះ គឺផ្តើមចេញពីរឿងបន្តិច បន្តួចដោយសារតែ ប្រកាន់រឿងកូនចៅឈ្លោះគ្នាហើយ ឪពុកម្តាយកាន់ជើងរៀងៗខ្លួន។ក្រោយពីក្មេង ៗឈ្លោះគ្នា ចាស់ៗក៏បានបើកឆាកប្រយុទ្ធគ្នាដែរដោយ ឈ្មោះណាន់ មឿយ បានយក អំបោស ទៅវាយលើឈ្មោះ ត្រុក យួន ដែលត្រូវជាប្អូនថ្លៃ បណ្តាលឲ្យបាក់ អំបោស មុតដៃខាងស្តាំតែម្តង។

លោកមេប៉ុស្តិ៍ បន្តទៀតថា ក្រោយទទួលបាន ព័ត៌មាននេះ ភ្លាម លោកក៏បានចុះទៅកាន់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរនិងបានបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាល ស្រុក ព្រះនេត្រព្រះ ដើម្បី ចាត់ការបន្តទៅ​តាមនិតិវិធីផងដែរ។តែទោះជាយ៉ាងណាលោកអនុសេនីយ៍ទោក្រូច ហាក់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំលៀប បានបញ្ជាក់ប្រាប់ថា មកដល់ពេលនេះភាគីទាំងសងខាងក៏បានសុំសម្រុះសម្រួលគ្នាបញ្ចប់រឿងព្រោះសុទ្ធសឹងតែជាសាច់ញាតិនឹងគ្នាណាមួយរបួសក៏មិនជាធ្ងន់ធ្ងរអីផង៕ឡត កែវ