អាជ្ញាធររាជធានីភ្នំពេញ បានឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនកាលពី ៥ ឆ្នាំ មុន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងនេះថា៖« ជាការពិតហើយ លោក ញឹក ប៊ុនឆៃ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោង ១២ ថ្ងៃត្រង់នេះ។ ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ធ្វើឡើង ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១២»។
កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី តាមសំណើរបស់សម្តេច ហ៊ុន សែន។ ការបញ្ចប់តួនាទីរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ធ្វើឡើងក្រោយពីការផ្សព្វផ្សាយព័ត៌មាននៃការសន្ទនាគ្នាតាមទូរសព្ទវាងលោក ញឹក ប៊ុនឆៃ នឹងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីមុនបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី ៤។ ពេលឆ្លើយឆ្លងគ្នាតាមទូរសព្ទ លោក ប៊ុនឆៃ បានប្រាប់លោក អេង ឆៃអ៊ាង ថា គណបក្សលោកបានប្រាប់អ្នកគាំទ្រឲ្យបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ នៅក្នុងឃុំសង្កាត់ណា ដែលមិនមានគណបក្សខ្មែររួបរួមជាតិឈរឈ្មោះ។
យ៉ាងណា ក្រោយពីមានការផ្សាយដំណឹងនេះ លោក ញឹក ប៊ុនឆៃ បានចេញមុខបកស្រាយថា រូបលោកច្រលំលេខទូរសព្ទ ហៅទៅលោក អេង ឆៃអ៊ាង។ លោកថា រូបលោកមិនមានចេតនាទូរសព្ទទៅលោក អេង ឆៃអ៊ាង ទេ តែលោកចង់ទូរសព្ទទៅមន្ត្រីរបស់លោកម្នាក់ឈ្មោះ អ៊ាង ទេ។ ជាងនេះទៅទៀត លោកក៏បដិសេធដែរថា រូបលោកមិនបាននិយាយឲ្យចំៗថា ឲ្យអ្នកគាំទ្របោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនោះឡើយ ដោយលោកគ្រាន់តែនិយាយថា កន្លែងណាដែលគណបក្សខ្មែររួបរួមជាតិ មិនបានឈរឈ្មោះ «បោះឲ្យទៅ»តែប៉ុណ្ណោះ។
រយៈពេលប៉ុន្មានថ្ងៃក្រោយពីលោក ញឹក ប៊ុនឆៃ បាត់បង់តួនាទីជាទីប្រឹក្សា មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ ដែលស្និទ្ធនឹងលោក ញឹក ប៊ុនឆៃ ចំនួន ១២ នាក់ មានតំណែងជាទីប្រឹក្សាររដ្ឋាភិបាល ក៏ត្រូវសម្តេច ហ៊ុន សែន ស្នើឲ្យព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តួនាទីផងដែរ។