ចាំមើល អភិបាលរងទទួលបន្ទុក និងក្រុមប្រឹក្សាជាប់ឆ្នោតថ្មី អាចបិទទ្វារល្បែងស៊ីសង ជ្រកក្រោម ស្លាកសញ្ញា Net 24 ម៉ោង ឬយ៉ាងណា?

ភ្នំពេញ៖ យោងតាមប្រសាសន៍ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ក្នុង វេទិការ សាធារណះ ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់ទាំង៧ កាលពី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ។លោក ពេជ្រ កែវមុនី សង្កត់ធ្ងន់លើបញ្ហា ល្បែងស៊ីសង ពិសេសគឺ ទីតាំង Internet ២៤ម៉ោង ដែលកំពុង រីកស្គុះស្គាយពេញខណ្ឌ ដែលភាគច្រើនជាទីតាំងទាំងនោះជាទីតាំង ជ្រកក្រោមអាជីវកម្មរកស៊ីស្របច្បាប់ ប៉ុន្តែផ្ទៃខាងក្នុងគឺបង្កប់ពេញទៅដោយល្បែង online គ្រប់ប្រភេទ។

ក្នុងនោះដែរ លោកអភិបាលខណ្ឌបានស្នើរអោយមន្ត្រីក្រោមឱវាទពាក់ព័ន្ធ សហការជាមួយកម្លាំងមាន សមត្ថកិច្ច ត្រូវយកចិត្តតាមដានចំពោះទីតាំងInternet ទាំងនោះ អោយអស់ លោកបន្តថា ប្រសិនបើរក ឃើញថា មានបង្កប់នូវល្បែងស៊ីសងប្រាកដមែន គឺត្រូវតែបង្ក្រាបជាបន្ទាន់ ហើយមិនបន្តអនុញ្ញាតិអោយ បើកដំណើរការទៅថ្ងៃមុខទៀតជាដាច់ខាត ។

ជាងនោះទៅទៀត លោកបានផ្តាំផ្ញើជាថា បើមានមន្ត្រីដែលជាប់ពាក់ព័ន្ធ និងទទួលលាភសក្ការៈដើម្បី ជួយសម្រួល និងបិតបាំងទីតាំងហ្គេមអនឡាញបង្កប់ល្បែងស៊ីសងនោះ សូមដកខ្លួនអោយហើយទៅ កុំអោយខ្មាស់គេទាន់។ ជាពិសេសអ្នកដែលបានយកឈ្មោះលោកទៅប្រើដើម្បីទទួលបានលាភាពសក្ការៈ ជាមួយពួកមេបនល្បែងនោះ បើរកឃើញមុខពិតប្រាកដ លោកនិងចាត់ការតាមផ្លូវច្បាប់។

បញ្ជាយ៉ាងម៉ឹងមាត់របស់លោក ពេជ្រ កែវមុន្នី ទៅកាន់អភិបាលរងទទួលបន្ទុក មន្ត្រីជំនាញពាក់ព័ន្ធ និង ក្រុមប្រឹក្សាថ្មីទើបជាប់ឆ្នោត ពុំទាន់ដឹងថាអាចមានប្រសិទ្ធិយ៉ាងណានៅឡើយនោះទេ ព្រោះកន្លងមក ធ្លាប់លិចលឺថាមានអភិបាលរង និងអធិការរងមួយចំនួនជាអ្នកកាងល្បែងនោះទៀតផង។

ទោះជាយ៉ាងនេះក្តី លោក ពេជ្រ កែវមុនី ដាក់បទបញ្ជានេះ គឺអនុវត្តន៍តាមអនុសាសន៍ សម្តេចក្រឡា ហោម ស ខេង ដែលបានថ្លែង នៅក្នុងកិច្ច ប្រជុំផ្សព្វ ផ្សាយសេចក្តីណែនាំស្តីពី ការអនុវត្តវិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នៅទីស្តីក្រសួងមហាផ្ទៃ ថាល្បែងស៊ីសងខុស ច្បាប់ ដែលបាន លបលួចបើក និងបានបើកជា ចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួនដូចជា៖ ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត២៤ ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់មាន់ ល្បែង ភា្នល់ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុស ច្បាប់ គឺត្រូវប្រកាសបិទទាំងស្រុង។

គួររំលឹកដែរថា ទីតាំង Internet ២៤ម៉ោង បង្កប់ល្បែងភ្នាល់ ល្បែងស៊ីសង Live ពីកាស៊ីណូ មានទាំង ឆ្នោត យួនផងនោះមានជាងរយទីតាំងក្នុងខណ្ឌមានជ័យ ជាពិសេសផ្លូវមុនីរ៉េត។ ទាំងនេះមិនរាប់បញ្ចូលពី ឆ្នោត យួនដែលលួចកត់នៅតាម WING, E-MONY, TRUE MONEY និងតាមបណ្តាផ្សារនានាផង។

ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខណ្ឌ បាននឹងកំពុងតែធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខ សង្គម យ៉ាងនេះក្ដី អាជ្ញាធរ និងសមត្ថកិច្ចមួយចំនួន ហាក់បីជារក្សាភាពស្ងប់ស្ងាត់ មិនបង្ក្រាបទៅវិញ។ ការដែលអាជ្ញាធរ និងសមត្ថកិច្ចមិនមានវិធានការបង្ក្រាបបែបនេះ ទំនងបានទទួលលុយពីម្ចាស់ទីតាំង ល្បែងទាំងនោះ។ ប្រភពបានឲ្យដឹងថាម្ចាស់ទីតាំងល្បែង ទាំងនោះមិនមែនប្រជាពលរដ្ឋធម្មតាបើកបាន នោះទេ គឺសុទ្ធជាអ្នកធំ ឬមានជាប់ខ្សែស្រឡាយជាមួយសមត្ថកិច្ច។  ពលរដ្ឋថា ចាប់តាំងពីមានទីតាំង ល្បែង ទាំងនោះមក បទល្មើសចោរកម្ម លួច ឆក់ ប្លន់ ក្មេងគេចសាលា និងមានអំពើហិង្សា បានកើតមាន ជាបន្តបន្ទាប់ តែអាជ្ញា ធរ និងសមត្ថកិច្ចមូលដ្ឋានមួយចំនួន អត់ខ្វល់ព្រោះសំណែនសែនត្រូវចំបេះដូងសណ្តំ បិទភ្នែកដេកលក់មិនខ្វល់ពីសុខទុក្ខរាស្ត្រ។