តាំងជល់មាន់២កន្លែង ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាប និងឃាត់មនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង

ភ្នំពេញ ៖  យោងតាមសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចបានបើកការស្រាវជ្រាវយូរមកហើយ ទើបឈានដល់ការចុះបង្ក្រាប នៅចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ដោយឃាត់ខ្លួនអ្នកញៀនល្បែងបាន៤នាក់ ម៉ូតូចំនួន៨គ្រឿង។ ហើយកម្លាំងមានសមត្ថកិច្ច បន្តទៅបង្ក្រាបចាប់មួយកន្លែងទៀត ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ឃាត់ខ្លួនអ្នកញៀនល្បែងបាន៩នាក់ ម៉ូតូចំនួន៥គ្រឿង។

បើកតាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា ទីតាំងបនល្បែងស៊ីសង លួចបញ្ជល់មាន់ ចំនួន២កន្លែងផ្សេងគ្នា ត្រូវបាន​កម្លាំង​នគរ​បាលប៉ុស្ដិ៍កាកាបទី២ រួមសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍​កាកាប​ទី២ ក្រោមការបញ្ជារបស់លោក រវសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការចុះបង្ក្រាប កាលពីវេលា​ម៉ោង១០​និង៣០នាទីព្រឹក ថ្ងៃទិ១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយទីតាំងទី១ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង និងបន្តទៅបង្ក្រាប ទីតាំងទី២ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការ អ្នកលេងល្បែងខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕