គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដាក់ទិសដៅ១៤ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបើកកិច្ចប្រជុំស្តីអំពីរបាយការណ៍ក្រុមការងារអន្ដរក្រសួង លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្រោមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង  ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកទិសដៅ១៤ចំនុច ដើម្បីអនុវត្តក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរួមមាន៖

– បន្តពង្រឹងស្ថាប័ន និងពង្រីកកិច្ចសហការទូលំទូលាយរវាងសមាជិកក្នុងក្រុមការងារអន្តរក្រសួង និងគណៈកម្មាធិការថ្នាក់ក្រោមជាតិ ដោយបង្កើនការយកចិត្តទុកដាក់រៀបចំកិច្ចប្រជុំក្រុមការងារជាប្រចាំនិងផ្ដល់របាយការណ៍ មកអគ្គលេខាធិការដ្ឋាន

– បន្តរៀបចំ និងពន្លឿនការអនុម័តច្បាប់សំខាន់ៗ និងបន្តរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ

– រៀបចំផែនការអនុវត្តផ្អែកលើយុទ្ធសាស្ត្ររួមដែលបានកំណត់ក្នុងផែនការជាតិ

– ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការអនុវត្តនូវវិធានការជាអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

– ត្រៀមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមប្រទេសបញ្ជូន ( កម្ពុជា.ឡាវ.ភូមា) ដើម្បីពង្រឹងកិច្ចសហការដោះស្រាយបញ្ហារួម

– ត្រៀមកិច្ចប្រជុំបីប្រទេសកម្ពុជា វៀតណាម ចិន ក្នុងការពង្រឹងកិច្ចសហការ ការពារនិងបង្ការទប់ស្កាត់ការនាំចូល​មនុស្សឆ្លងដែន​ខុសច្បាប់ជាពិសេសទារក និងស្ត្រី

– បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធ ដល់មន្ត្រីទទួលបន្ទុកអនុវត្តថ្នាក់ក្រោមជាតិ

– បន្តលើកកម្ពស់ការងារផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងពង្រឹងការអប់រំតាមគ្រប់រូបភាព និងការប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីការជួញដូរមនុស្សការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ទំនាក់ទំនងរវាង ទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដទៃទៀត

– បន្តតាមដានលទ្ធផល និងប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងគាំទ្រដល់ការអនុវត្តអនុសញ្ញា និងផែនការអាស៊ាន​ប្រឆាំងការជួញដូរមនុស្ស ដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៥

– ជំរុញតាមដានត្រួតពិនិត្យក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ឲ្យអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ឲ្យបាន​ត្រឹមត្រូវដើម្បីការពារសុវត្ថិភាព

– បន្តរៀបចំវិធានការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ការងារឆ្លងដែនមិនប្រក្រតី

– ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជាពិសេស ការពង្រឹងកិច្ចសហការក្នុងការជួយគ្នាទៅវិញទៅមក​ក្នុងវិស័យយុត្តិធម៌​ព្រហ្មទណ្ឌជា​មួយ​ប្រទេស​ពាក់ព័ន្ធ

– បន្តអនុវត្ត និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងការចុះតាម​ដានអនុវត្ត​គោល​នយោបាយនៅថ្នាក់ក្រោមជាតិ

-ពង្រឹងសកម្មភាពទទួលពលករ ការស្រាវជ្រាវទិន្នន័យ និងផ្ដល់សេវាជូនពលករដែលត្រូវបានបញ្ជូនត្រឡប់ពីអាជ្ញាធរបរទេស និងពលករវិលត្រឡប់វិញនៅតាមច្រកព្រំដែនសំខាន់ៗ។

យោងតាមរបាយការណ៍ឆមាសទី១របស់ (គ.ជ.ប.ជ) បានបង្ហាញថា  ស្ថានភាពបទល្មើសជួញដូរមនុស្សត្រូវបានបង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងមានកិច្ចសហការបានល្អរវាងក្រសួង ស្ថាប័ន អង្គភាពសមាជិក​នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួមទាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការថ្នាក់ក្រោមជាតិនិងអង្គការដៃគូទាំងឡាយបានបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន៧៨ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។ ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន៩៧នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី២២នាក់ អនីតិជន០៩នាក់ ជាជនបរទេស ១៤នាក់សញ្ជាតិចិន ១២នាក់ និងអាមេរិក០២នាក់។ សង្គ្រោះជនរងគ្រោះ ចំនួន២៦៣នាក់ ស្មើនឹង១៤៨% ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៧០នាក់ អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី១៨ឆ្នាំឡើង ១៦២នាក់៕