មណ្ឌលគិរី៖ កម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីចំនួន៥០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង បានធ្វើដំណើរទៅបំពេញបេសកកម្មការពារព្រំដែននៅចំនុចអូរអាឡៃ ដែលរងការបំពានពីសំណាក់កងទ័ពឡាវ ក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះថា ទោះបីពេលនេះសភាពការ បានល្អប្រសើរឡើងវិញក៏ដោយ ការបញ្ជូនកម្លាំងយោធាទៅចំនុចខាងលើ គឺជាកាតព្វកិច្ចដ៏ចាំបាច់ក្នុងការ ការពារបូរណភាពទឹកដី និងដើម្បីបញ្ជាក់ពីចំនុចទីតាំងភូមិសាស្រ្តរបស់កម្ពុជា។ជៀសវាងសកម្មភាពបំពានពីភាគីរបស់ឡាវបន្តទៀត។
ក្នុងពិធីជូនដំណើរកងកម្លាំងយោធានោះដែរ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើរដល់កម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ការថែរក្សាសុខភាព ព្រោះរដូវនេះជារដូវភ្លៀងអាចប្រឈមនឹងជំងឺតម្កាត់នានា ជាពិសេសជំងឺគ្រុនចាញ់។ហើយមិនត្រឹមតែប៉ុណ្ណោះកងកម្លាំងទាំងអស់ត្រូវស្តាប់នឹងគោរពតាមបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីជៀសវាងនូវករណីប្រឈមដែលកើតជាយថាហេតុ។
លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីពេលនេះកម្លាំងដែលបញ្ជូនពីសឹករងខេត្តមណ្ឌលគិរី មានចំនួនត្រឹម៥០នាក់ពិតមែន ប៉ុន្តែកម្លាំងរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិ ការពារទឹកដី នឹងប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានជនបរទេសណាម្នាក់កេងប្រវ័ណ្ឌទឹកដីខ្មែរសូម្បីមួយមីលីម៉ែត្រ។
នៅព្រឹកថ្ងៃដដែលនោះអាជ្ញាធរខេត្តមណ្ឌលគិរីក៏បានឧបត្ថម្ភនូវសម្ភារៈយោធាដូចជាអាយកូមចំនួន១០គ្រឿង ទឹកសុទ្ឋ ថវិការ១លានរៀល ប្រេងសាំងចំនួន៣០០លីត្រ ដល់កងកម្លាំងដែលបានទៅបំពេញបេសកកម្មការពារព្រំដែនក្នុងខេត្តស្ទឹងត្រែង។
ដោយឡែកលោកឧត្តមសេនីយ៏ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លាបន្ថែមដល់កម្លាំងយោធាសឹករង ដើម្បីរួមចំណែកក្នុងស្មារតីការពារជាតិ៕