មន្ត្រីប្រធានការិយាល័យអធិការកិច្ចនិងវិវាទនៃមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុងត្រូវឃាត់ខ្លួនតាមដីការតុលាការ

កោះកុង ៖ នៅរសៀលថ្ងៃទី១៤ សីហា ២០១៧ លោកចៅក្រម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ នាំខ្លួនមន្ត្រីម្នាក់ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង រួចបញ្ជូនទៅកាន់ពន្ឋនាគារយ៉ាងតក់ក្រហល់នៅរសៀលថ្ងៃដដែលនោះ។

ដោយយោងតាមដីកាលេខ1595 ត-ព/17 ចុះថ្ងៃទី១៤ សីហា២០១៧ ត្រូវបានបង្គាប់ឲ្យនាំខ្លួន លោក ទៀង សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ ជាប្រធានការិយាល័យអធិការកិច្ច និងវិវាទ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តិនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។

ការចាប់ខ្លួនមន្ត្រីខាងលើ តាមផ្លូវតុលាការ ធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីនានា ក្នុងខេត្តមានការងឿងឆ្ងល់ បង្កប់ដោយការរន្ធត់យ៉ាងខ្លាំង ព្រោះមជ្ឈដ្ឋានទាំងនោះបានលើកឡើងថា មន្ត្រីរូបនោះត្រូវបញ្ចប់អនាគត ជាមន្ត្រីក្របខណ្ឌរដ្ឋ ខណៈដែលមន្ត្រីរូបនោះត្រូវបានធ្លាក់ខ្លួនជាទណ្ឌិត៕