ប៉ូលិសចាប់បុរសម្នាក់ បន្ទាប់ពីឆក់យកទូរស័ព្ទរបស់គេ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការឃាត់ខ្លួន ករណីឆក់ទូរស័ព្ទដៃពីជនរងគ្រោះ កាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនណុងហឹបហ្វានែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លី តិចឃាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ វន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណុងហឹបហ្វានែន ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៩៥E១ ផ្លូវ១៣២ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមកដល់ ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះរត់ ក៏ជ្រុលទៅបុកនិងម៉ូតូអ្នកដំណើរ បណ្តាលឱ្យដួល ហើយជនរងគ្រោះស្រែកថាចោរៗ គប់ជួនសមត្ថកិច្ចប៉ុស្តិ៍កំពុងល្បាតនៅគោកដៅក្បែរនោះ ចេញមកជួយឃាត់ខ្លួនបានតែម្តង។

សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកណូគាហ្វាយភ្លើស ប្រគល់ឲ្យជនរងគ្រោះវិញ, ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-8358 របស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕