អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនគរបាលជំនាញពាក់ព័ន្ធ គណៈអភិបាលខេត្តតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងអង្គភាពពាក់ព័ន្ធប្រមាណ១៦៦រូប។
កិច្ចប្រជុំនេះរៀបចំឡើងគឺដើម្បី ផ្សព្វផ្សាយបន្ថែមទៅដល់ស្ថាប័ន និងអង្គភាពភាគីពាក់ព័ន្ធទាំងអស់ឲ្យបានយល់ដឹងកាន់តែច្បាស់នូវរាល់ចំនុចដែលត្រូវអនុវត្តនៃផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អោយទទួលបានប្រសិទ្ធភាពខ្ពស់ដែលបានដាក់ចេញដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវ ផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីនេះ។ ការដាក់ចេញនូវផែនការនេះគឺដើម្បីដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេស សកម្មភាពនៃការដឹកជញ្ជូនគ្រឿងញៀនទៅវិញទៅមកឆ្លងកាត់ព្រំដែនទាំងពីរ។ ជាងនេះទៅទៀត ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើងដោយរួមសហការជាមួយភាគីវៀតណាមបញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀនផងដែរ៕