ភ្នំពេញ៖ ល្បែងកន្ទុយលេខឆ្នោតវៀតណាម កំពុងតែពេញនិយមសម្រាប់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងភ្នំពេញ ដោយមានមេឆ្នោតធំៗជាអ្នកកាង នៅក្នុងផ្សារជាច្រើនកន្លែង និងមានកូនកញ្ច្រែងកំពុងកត់លក់យ៉ាង គគ្រឹកគគ្រេង ដោយជ្រកក្រោមស្លាកឆ្នោតជាតិ។ ជាក់ស្តែងក្នុងផ្សារសាមគ្គី ក្នុងខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋលើកឡើងថា ជាជង្រុកល្បែងប្រភេទឆ្នោតវៀតណាម ដែលអាជ្ញាធរមិនបានអើពើលុបបំបាត់ ហើយបានដាក់ការសង្ស័យថា សមត្ថកិច្ចក៏ដូចជាអាជ្ញាធរ ប្រហែលទទួលបានកញ្ចប់ថវិកាធំណាមួយក្នុងមួយខែៗ ជាថ្នូរទៅនឹងការមិនបង្ក្រាបផងដែរ។
នៅក្នុងផ្សារសាមគ្គី និងជុំវិញផ្សានេះ ប្រភេទឆ្នោតវៀតណាមនេះមានមិនតិចជាង១០កន្លែងនោះទេ។ តើមេល្បែងក្នុងក្រុងភ្នំពេញជាអ្នកណា បានជាបន្ទន់ចិត្តអាជ្ញាធរមួយចំនួនមិនអោយបង្ក្រាបបាន?ឬទឹកប្រាក់ជាអ្នកបន្ទន់ចិត្ត? តែថាអាចដែរព្រោះអាជ្ញាធរ និង សមត្ថកិច្ចមួយចំនួន មិនបានមើលសព្វជ្រង់ជ្រោយ ជាហេតុមានការធ្វេសប្រហែស ឬម៉្យាងទៀតមន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនថ្នាក់លើដឹង នូវសកម្មភាពបទល្មើសដែលកើតឡើងរាល់ថ្ងៃ។
ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចនគរបាល មានលោកសុខ ហេង ជាអធិការខណ្ឌ និងលោក ឯក ឃុនដឿន ជាអភិបាលខណ្ឌទួលគោក មេត្តាជួយបោសសំអាតល្បែងឆ្នោតវៀតណាមក្នុងផ្សារសាមគ្គីនេះផង ប្រសិនមិនមានអ្វីពាក់ព័ន្ធទៅនឹងមេល្បែង កុំអោយដូចពលរដ្ឋ និង អ្នកកត់ឆ្នោតអះអាងថា បង់លុយឱ្យទៅចៅហ្វាយខណ្ឌ និងអធិការខណ្ឌរួចហើយ ទើបមិនបង្ក្រាប។
គួរររំលឹកដែរថា សម្តេចក្រឡាហោម ស ខេង រួមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌ និងអធិការទាំង១៤ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់ទីតាំងល្បែងទាំងឡាយល្មើសច្បាប់។