ឆ្នោតវៀតណាមជាទីជង្រុកបំផ្លាញពលរដ្ឋខ្មែរ នេះតាមការ អោយដឹងរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានផ្សារសាមគ្គី

ភ្នំពេញ៖ ល្បែង​កន្ទុយលេខ​ឆ្នោតវៀតណាម កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្នុង​ក្រុងភ្នំពេញ ដោយ​មាន​មេ​ឆ្នោត​ធំ​ៗជាអ្នកកាង នៅ​ក្នុង​ផ្សារ​ជា​ច្រើនកន្លែង និងមានកូនកញ្ច្រែងកំពុង​កត់​លក់​យ៉ាង គគ្រឹកគគ្រេង ដោយ​ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ​។ ជាក់ស្តែងក្នុងផ្សារសាមគ្គី ក្នុងខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋលើកឡើងថា ជាជង្រុកល្បែងប្រភេទឆ្នោតវៀតណាម ដែលអាជ្ញាធរមិនបានអើពើលុបបំបាត់ ហើយបានដាក់ការសង្ស័យថា សមត្ថកិច្ចក៏ដូចជាអាជ្ញាធរ​ ប្រហែលទទួលបានកញ្ចប់ថវិកាធំណាមួយក្នុងមួយខែៗ ជាថ្នូរទៅនឹងការមិនបង្ក្រាបផងដែរ។

នៅក្នុងផ្សារសាមគ្គី និងជុំវិញផ្សានេះ ប្រភេទឆ្នោតវៀតណាមនេះមានមិនតិចជាង១០កន្លែងនោះទេ។ តើមេល្បែងក្នុងក្រុងភ្នំពេញជាអ្នកណា បានជាបន្ទន់ចិត្តអាជ្ញាធរមួយចំនួនមិនអោយបង្ក្រាបបាន?ឬទឹកប្រាក់ជាអ្នកបន្ទន់ចិត្ត? តែថាអា​ចដែរព្រោះអាជ្ញាធរ និង សមត្ថកិច្ចមួយចំនួន មិនបានមើលសព្វជ្រង់ជ្រោយ ជាហេតុមានការធ្វេសប្រហែស​ ឬម៉្យាងទៀតមន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនថ្នាក់លើដឹង នូវសកម្មភាពបទល្មើសដែលកើតឡើងរាល់ថ្ងៃ។

ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចនគរបាល មានលោកសុខ ហេង ជាអធិការខណ្ឌ និងលោក ឯក ឃុនដឿន ជាអភិបាលខណ្ឌទួលគោក មេត្តាជួយបោសសំអាតល្បែងឆ្នោតវៀតណាមក្នុងផ្សារសាមគ្គីនេះផង ប្រសិនមិនមានអ្វីពាក់ព័ន្ធទៅនឹងមេល្បែង កុំអោយដូចពលរដ្ឋ​ និង អ្នកកត់ឆ្នោតអះអាងថា បង់លុយ​ឱ្យទៅ​ចៅហ្វាយខណ្ឌ​ និងអធិការខណ្ឌរួចហើយ ទើបមិនបង្ក្រាប។

គួរររំលឹកដែរថា សម្តេចក្រឡាហោម ស ខេង រួមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌ និងអធិការទាំង១៤ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់ទីតាំងល្បែងទាំងឡាយល្មើសច្បាប់។