រដ្ឋបាលខេត្តកំពង់ធំ ចុះពូជស្រូវផ្ការំដួល ជូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះរាំងស្ងួត នៅស្រុកកំពង់ស្វាយ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកពូជស្រូវផ្ការំដួល ចំនួន ២១.៥០០គីឡូក្រាម ចែកជូនដល់ប្រជាកសិករ ចំនួន ២៩០គ្រួសារ លើផ្ទៃដីដាំដុះចំនួន ២១៥ហិកតា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំត្បែង ស្រុកកំពង់ស្វាយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា គ្រោះរាំងស្ងួតនេះមិនមែនជួបតែនៅខេត្តកំពង់ធំទេ គឺកើតឡើងទូទាំងប្រទេស ហើយថ្ងៃនេះ​ក្រុមការងារយើងបានចុះមកចែកពូជ ស្រូវផ្ការំដួលដែល ជាប្រភេទស្រូវសែនក្រអូប ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក អង្ករ​មានក្លិនក្រអូប ឆ្ងុយឆ្ងាញ់ជាងគេ។ ឯកឧត្តមក៏បានក្រើនរំលឹកឲ្យប្រជាកសិករក្រៅពីការធ្វើស្រែ ត្រូវចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម ងិន ឆាយ ថ្លែងថាគ្រោះរាំងស្ងួតឆ្នាំនេះ គឺជាឆ្នាំមួយដែលមានបញ្ហាច្រើន បើយើងសង្កេតមើលទៅលើទិន្នន័យ​ដែលទទួល​ផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនេះ គឺមានប្រមាណជាង ១៥ ម៉ឺនហិកតា ទូទាំងប្រទេស ប៉ុន្តែការទទួលរងផលប៉ះពាល់​គ្រោះរាំងស្ងួតនៅ​មានទំហំតិចតួចនៅឡើយ ប្រហែលជិត ៤ពាន់ហិកតានៅឡើយ ទូទាំងប្រទេស។ ដោយឡែកនៅទីនេះ ការបង្ករបង្កើនផលស្រូវរដូវវស្សា មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបងប្អូនប្រជាកសិករធ្វើស្រូវប្រភេទអ៊ីអ៊ែរ ហើយមកដល់ពេលនេះ ត្រូវដល់ពេលវេលាស្រូវ​ចាប់ផ្តើម​ធ្វើខ្លួន ប៉ុន្តែខ្វះទឹកបណ្ដាលឱ្យខូចខាតទាំងស្រុង។ លើសពីនេះ នៅកន្លែងខ្លះទៀត ពួកគាត់ធ្វើស្រែស្រូវវស្សា ទោះបីមានគ្រោះរាំងស្ងួត ក៏យើងនៅមានក្តីសង្ឃឹមខ្លះដែរ នៅពេលដែលមានភ្លៀងធ្លាក់ ស្រូវនឹងល្អឡើងវិញ។ ជាមួយគ្នានោះដែរ ឯកឧត្តម ងិន ឆាយ បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការថែបំប៉ននៅស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយមិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឲ្យដង្កូវស៊ី ឬ ស្មៅបោកងាប់នោះទេ៕