អភិបាលខេត្តកោះកុង ណែនាំមន្រ្តីក្រោមឪវាទបំពេញមុខនាទី និងអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការ​អនុវត្តអនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង នឹងនារីភេទ”(ស៊ី.ដ CEDAW) ថ្នាក់តំបន់ ក្រោមប្រធានបទ ៖ ការលើកកម្ពស់សមភាព អាពាហ៍ពិពាហ៍ក្នុងគ្រួសារ និងច្បាប់ពាក់ព័ន្ធ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ដើម្បីបំពេញមុខនាទី និងអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាពទៅបាន ទាមទារឲ្យមានការយល់ដឹងពី ច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបាន​ដាក់ចេញ។ ជាពិសេសយល់ដឹង ពីការគ្រប់គ្រងឲ្យបានច្បាស់លាស់ ទៅតាមមុខនាទីរបស់ខ្លួន ដូចដែលមាន ចែងក្នុងលិខិតបទដ្ឋានគតិយុត្ត នោះទើបយើងអាចប្រើប្រាស់សិទ្ធិរបស់យើងបានត្រឹមត្រូវ។ ដូច្នេះដើម្បីសម្រេចបាននូវ តួនាទី និងភារកិច្ចទាំងនេះ វាទាមទារឲ្យមាន​ការចូលរួម​ទាំងបុរស និងស្ត្រី ដើម្បីបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។  លោកជំទាវ អភិបាលខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ចូលរួមឱ្យបានពេញលេញ ក្នុងវគ្គ បណ្ដុះបណ្ដាលនេះ និងសូមយកឱកាសដ៏មានតម្លៃនេះ ស្វែងយល់ពីគ្រូឧទ្ទេសនាម ហើយត្រូវ សួរនូវចម្ងល់ ឬចំណុចណាមួយ ដែលយើងមិនទាន់ច្បាស់លាស់ និងពិភាក្សាផ្លាស់ប្ដូរបទ ពិសោធន៍ ពីគ្នាទៅវិញទៅមកឲ្យបានផុលផុស ដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ក្រោមជាតិ ដូចធ្វើការ ផ្សារភ្ជាប់ការអនុវត្តអនុសញ្ញា ស៊ី.ដ (CEDAW) ទៅនឹងការអនុវត្តជាក់ស្ដែង នៅក្នុងតួនាទី របស់យើងគ្រប់គ្នា៕