អភិបាលខេត្តក្រចេះ ផ្តាំផ្ញើដល់អភិបាលស្រុកទើបឡើងថ្មី ត្រូវលើកកម្ពស់សមត្ថភាព

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុង​ពិធីប្រកាស​ផ្ទេរភារកិច្ចអភិបាលស្រុកព្រែកប្រសបព្វ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកព្រែកប្រសព្វ ដោយមានការចូលរួមពីនាយក​រង​រដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំស្រុក អង្គភាពពាក់ព័ន្ធនៅក្នុងស្រុក មេឃុំ ស្មៀន ផងដែរ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ហង់ ចាន់ឌី អភិបាលស្រុកទើបទទួលមុខដំណែងថ្មី បានឡើងធ្វើការប្ដេជ្ញា ដោយមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា មានស្មារតីបំពេញការងារដោយ ឆន្ទះទទួលខុសត្រូវខ្ពស់ ខិតខំយកចិតទុកដាក់ពង្រឹងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីប្រែក្លាយ ជាកម្លាំងចលករបំពេញការងារ​ដោយ​ចិត្តមោះមុត មានភក្ដីភាពចំពោះរាជរដ្ឋាភិបាល ហើយសម្រេចអោយបាននូវរាល់ផែនការសកម្មភាព ដែលថ្នាកដឹកនាំក្រសួង ខេត្តប្រគល់ជូន និងចង់ចាំជានិច្ចនូវរាល់ប្រសាសន៏ផ្ដាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្តលើការងារឲ្យកាន់តែមានប្រសិទ្ធខ្ពស់ថែមទៀត។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តបានផ្ដល់អនុសាសន៏មួយចំនួនដល់លោកអភិបាលស្រុកទើបចូលកាន់តំណែងថ្មី ត្រូវលើកកម្ពស់​សមត្ថភាព និងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពតាមរយៈការប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្ដីភាព និងមានមនសិការវិជ្ជាជីវ របស់មន្ត្រីរាជការ។ ដូច្នេះត្រូវយល់ថា តើយើងត្រូវធ្វើអ្វីខ្លះសំរាប់បំរើសង្គមជាតិរបស់យើង គឺត្រូវខិតខំអនុវត្តយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាល ត្រូវស្វែងយល់អោយបានច្បាស់លាស់ ពីអនុសាសន៏នានាដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់​ដឹកនាំពាក់​ពន្ធ័បានដាក់ចេញ -មានស្មារតីសាមគ្គីផ្ទៃក្នុងខ្ពស់ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ថ្នាក់​នៅថ្នាក់ក្រោមជាតិក៏ដូចជាមួយក្រសួងស្ថាប័ននៃថ្នាក់ជាតិ ជាពិសេសត្រូវធ្វើទំនើបកម្មខ្លួនឯងអោយបានក្នុងការអនុវត្តការងារនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការ​អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋភិបាលកម្ពុជា ពាក់ព័ន្ធ នឹងកិច្ចការនេះ រដ្ឋបាលស្រុកខិតខំសម្របសម្រួលដល់កាលបំពេញការងាររបស់ក្រុមការងារ ដែរចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយយកចិត្តទុកដាក់សម្របសម្រួលរៀបចំ វេទិការសាធារណៈ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានសម្ដែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា សំដៅរួមគ្នាធ្វើការដោះស្រាយ បញ្ហាប្រឈមមូលដ្ឋានព្រមទាំងជំរុញផ្សព្វផ្សាយ​ឲបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ថ្នាក់អំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណ តំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយ តាមវិសយ័ ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋានឲបានជាប់ជាប្រចាំ៕​