[powr-social-media-icons id=3e6504fa_1504185123969]ខេត្តបន្ទាយមានជ័យ៖ អ្នកសារព័ត៌មានម្នាក់ត្រូវក្រុមជនពិការព្រួតគ្នាវាយ ពេលចុះទៅសួរនាំ សង្ស័យរឿងគំនុំដែលជនពិការដឹកសាច់មាន់ខូចគុណភាពចូលពីប្រទេសរាប់រយគីឡូក្រាមត្រូវអ្នកសារព័ត៌មានប្តឹងមន្ត្រីជំនាញអោយចាប់។
ជនរងគ្រោះឈ្មោះ វេន ប្រុស ហៅ ច័ន្ទ អាយុ៣២ឆ្នាំ មុខងារជាអ្នកយកព័ត៌មាន និងជាប្រធានសាខាខេត្តបន្ទាយមានជ័យនៃសារព័ត៌មាន(ព្រះច័ន្ទកម្ពុជា)។
ជនរងគ្រោះបានអោយដឹងថាក្រុមជនពិការដែលធ្លាប់ដឹកសាច់មាន់ខូចគុណភាពខាងលើនេះ ត្រូវបានក្រុមសារព័ត៌មានប្តឹងមន្ត្រីជំនាញអោយចាប់ មិនតិចជាង៧លើកនោះទេ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ២០១៧ អ្នកសារព័ត៌មានបានជិះម៉ូតូទៅឃើញរទេះជនពិការខ្ទប់ថង់ខ្មៅសង្ស័យសាច់មាន់ខូចគុណភាព ក៏សួរនាំ ស្រាប់តែពេលនោះក្រុមជនពិការមានគ្នាជិត២០នាក់ មានទាំងអ្នកមិនពិការព្រួតវាយ នៅមុខទីលានត្រួតពិនិត្យទំនិញគយរដ្ឋាករច្រកទ្វារអន្តជាតិប៉ោយប៉ែត បណ្តាលអោយបែកច្រមុះហូរឈាម និងត្រូវដងក។
ជនរងគ្រោះបានបន្តថា ក្រុមអ្នកវាយរូបលោកនោះមានម្នាក់ឈ្មោះ ហួ ឡុង អ្នកបើករថយន្តអោយលោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកប្រមូលចំណូលនិងទីផ្សារសាខាខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ហុង ហៀង បានប្រាប់ថា ចំពោះលោក ហួ ឡុង ខាងលើ លោកបានបញ្ឈប់ពីការងារយូរហើយ មិនពាក់ព័ន្ធនឹងរូបលោកទេ។
ដោយឡែកក្រុមជនពិការបានអោយដឹងថា មូលហេតុដែលពួកគាត់ព្រួតវាយជនរងគ្រោះនោះ ដោយចោទថា អ្នកសារព័ត៌មានខូចខុសគេ មិនគោរពវិជ្ជាជីវៈ តែខុសរឿងអីនោះ មិនបានបញ្ជាក់នោះទេ។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងទៅកម្លាំងព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែតយកក្រុមជនពិការទាំងនោះទៅសួរនាំដើម្បីសម្របសម្រួល។
លោកវរសេនីយ៍ ធិន ស៊ិនដេត បានប្រាប់ថា ជំហ៊ានដំបូងលោកអោយភាគីទាំងពីរសម្របសម្រួលគ្នា បើភាគីទាំងពីរមិនទទួលយកការសម្របសម្រួលនេះទេ លោកនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការខេត្តចាត់ការបន្ត។