ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនជាឃាតក ដែលរឹតក សម្លាប់កូនស្រីខ្លួនឯង និងសម្លាប់ឪពុកក្មេក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការបង្ហាញមុខជនសង្ស័យដែលជាឃាតក បានរឹតក សម្លាប់កូនស្រីខ្លួនឯងនៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយមកជនសង្ស័យជាឃាតករូបនេះបានបន្តសកម្មភាពទៅសម្លាប់ឳពុកក្មេករបស់ខ្លួននៅក្នុងមន្ទីរពេទ្យ ឯខេត្តស្វាយរៀងបន្តទៀត។

 

ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងដោយលោកអេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀងនោះ ជនសង្ស័យត្រូវបានចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិអង្គសូទិន ឃុំទួលពពែលស្រុកគងពិសី ក្នុង ខេត្តកំពង់ស្ពឺ ហើយបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 

នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រូបនេះ បានអោយដឹងថាថា ជនសង្ស័យដែលជា​ឃាតក សម្លាប់កូនស្រីខ្លួនឯង និងឳពុកក្មេកខ្លួននោះមានឈ្មោះ អង សំណាង ហៅខ្មៅ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ជនរងគ្រោះដែលជាកូនស្រីស្លាប់ដោយសារកណ្តាប់ដៃឃាតក ជាឪពុកមានឈ្មោះ ពេជ ចរិយា អាយុ២ឆ្នាំ ស្លាប់ដោយសារឳពុករូបនេះរឹតក ក្នុងបន្ទប់ជួល រាជធានីភ្នំពេញ ចំនែកឪពុកក្មេកដែលត្រូវឃាតក ជាកូនប្រសារសម្លាប់នេះផងដែរមានឈ្មោះពេជ ជឿន អាយុ៥៦ឆ្នាំ ស្លាប់ដោយសារកូនប្រសារច្របាប់ក និងជ្រមុជទឹកចូលក្នុងចានបង្គន់បន្ទប់ទឹក ឯមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

 

គួររំលឹកថាកាលពីថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧នាំ ជនសង្ស័យជាឃាតក បានចាប់រំលោភម្តាយក្មេក នឹងព្យាយាមច្របាច់កសម្លាប់ តែមិនបានសម្រេច ព្រោះជនរងគ្រោះបានរត់រួចឲ្យអ្នកជិតខាងជួយ ក្រោយមកជនសង្ស័យបានគំរាមថា បើហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដង។

 

លុះដល់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ឃាតក ក៏បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ហើយពេលនោះឃាតក បានយកកូនស្រីអាយុ២ឆ្នាំ ចេញពីខេត្តមកភ្នំពេញជាមួយខ្លួន។

 

រហូតនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឪពុកតិរច្ឆានរូបនេះបានសម្លាប់កូនស្រីរបស់ខ្លួន ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ​​សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ហើយជនដៃដល់បានរត់គេចខ្លួនទៅខេត្តស្វាយរៀង បន្ដធ្វើសកម្មភាពសម្លាប់ឪពុកក្មេកម្នាក់ទៀតក្នុងថ្ងៃដដែល ខណៈរូបគាត់កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយច្របាច់កនៅក្នុងបន្ទប់ទឹក​ គ្រាដែលនៅក្នុងបន្ទប់សម្រាកនោះមិនមានអ្នកជំងឺ ឬក្រុមគ្រួសារនៅជាមួយនោះទេ ព្រោះតែ​ប្រពន្ធអ្នកជំងឺពេលឃើញជនសង្ស័យមកដល់បាន​ឆ្លៀតពេលទៅក្រៅ ដើម្បីប្តឹងសមត្ថកិច្ច ចំណែកប្រពន្ធឃាតក បានជាប់ធ្វើការនៅរោងចក្រ និងគ្មានទូរស័ព្ទទាក់ទងទៀត។

ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់៕