អាហ្សង់ទីនៈ តារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានរៀបការជាមួយសង្សា តាំងពីកុមារភាពរបស់គាត់ នៅទីក្រុងកំណើត កាលពីថ្ងៃសុក្រ ដែលត្រូវបានគេចាត់ទុកថាជា “អាពាហ៍ពិពាហ៍ប្រចាំសតវត្ស”។
អាពាហ៍ពិពាហ៍សម្រាប់កីឡាករ Messi វ័យ៣០ឆ្នាំ និងនាង Antonela Roccuzzo វ័យ២៩ឆ្នាំ ត្រូវបានរៀបចំឡើង នៅឯសណ្ឋាគារប្រណីត ស្ថិតក្នុងទីក្រុងកំណើត Rosario ប្រទេសអាហ្សង់ទីន។
តារាបាល់ទាត់ និងតារាល្បីៗ ស្ថិតនៅក្នុងចំណោមភ្ញៀវ២៦០នាក់ បានចូលរួមនៅក្នុងមង្គលការនេះ ដោយក្រុមនគរបាលរាប់រយនាក់ ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ ជូនពិធីយ៉ាងអធឹកអធមមួយនេះ។
សូមបញ្ជាក់ថា កីឡាករ Messi ដែលជាខ្សែប្រយុទ្ធ របស់ក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Barcelona បានជួបនាង Roccuzzo លើកដំបូង តាំងពីលោកមានវ័យ៥ឆ្នាំមកម្ល៉េះ គឺមុនពេលដែលគាត់ បានផ្ទេរមកកាន់អេស្ប៉ាញ នៅវ័យ១៣ឆ្នាំ។
នៅក្នុងចំណោមភ្ញៀវ ដែលបានចូលរួម នៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ រួមមានមិត្តរួមក្រុម Barcelona របស់គាត់ ដូចជា Luis Suárez, Neymar, Gerard Piqué និងភរិយារបស់គាត់ គឺជាតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ។ ភ្ញៀវភាគច្រើន បានជិះយន្តហោះឯកជន មកកាន់ទីក្រុង Rosario ។
កាសែតអាហ្សង់ទីន Clarín បានចាត់ទុកមង្គលការនេះ ថាជាអាពាហ៍ពិពាហ៍ប្រចាំឆ្នាំ និងប្រចាំសតវត្ស