សៀវភៅគុនល្បុក្កតោកម្ពុជាថ្នាក់ក្រមា “ស” ដំបូងគេ​ ចំនួន៥,០០០ក្បាល បានសម្ភោធជាផ្លូវការ

ភ្នំពេញៈ សៀវភៅគុនល្បុក្កតោដំបូងគេ ត្រូវបានសម្ភោធជាផ្លូវការ ដើម្បីផ្សព្វផ្សាយឲ្យបានជ្រួតជ្រាប់ ដល់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ អង្គការដៃគូ ក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ និងអ្នកជំនាញ ដែលមានលក្ខណៈស្តង់ដាអន្តជាតិ និងមានគុណតម្លៃសម្រាប់ជាតិ សម្រាប់សហព័ន្ធកីឡា គុនល្បុក្កតោ កម្ពុជា ដែលមានមូលដ្ឋានផ្តល់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ។

លោក គ្រូតាក្រមាមាស សាន គឹមស៊ាន ដែលជាសរសេរចង់ក្រង សៀវភៅក្បាច់គុនល្បុក្កតោនេះ បានថ្លែងថា ក្បាច់គុនបុរាណខ្មែរមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ។ដូនតាខ្មែរយើងកាលពីសម័យបុរាណ រស់នៅប្រកបកាងារចិញ្ចឹមជីវិត នៅតាមព្រៃភ្នំ ដែលប្រឈមនឹងសត្វសាហាវផ្សេងៗជាច្រើន ដូចជាខ្លា ដំរី ពស់ ក្រពើរ ជាដើម។ ហើយក្បាច់គុននេះ ត្រូវផ្ទេរបន្ត ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់សម័យអង្គរ សតវត្សរ៍ទី៩ ដល់ទី១៥ ដែលនៅពេលនោះ ប្រទេសកម្ពុជាយើង មានឈ្មោះថា “ចក្រភពខ្មែរ” ក្រោមការដឹកនាំ របស់ព្រះមហាក្សត្រ ដ៏ល្បីល្បាញជាច្រើនអង្គរ ជាពិសេសព្រះជ័យវរ័ន្មទី៧ ។លោកបានបន្តថា ក្នុងនាមរូបលោកជាអ្នកស្រឡាញ ក្បាច់គុន បានខិតខំសរសេរចង់ក្រងសៀវភៅក្បាច់គុនល្បុក្កតោអស់ជាង២០ឆ្នាំ ក្នុងគោលបំណងទុកឲ្យកូនចៅជំនាន់ក្រោយ បានហាត់រៀនចេះចាំដើម្បីបន្តថែរក្សាអភិរក្សសម្បត្តិវប្បធម៌ដូនតាខ្មែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាស្ថាបនឹកម្នាក់ ក្នុងចំណោម ស្ថាបនឹកផ្សែង បានថ្លែងថា ការផ្តួចផ្តើមរៀបចំចង់ក្រងសៀវភៅក្បាច់គុនល្បុក្កតោនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបឲ្យដល់ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ ពិសេសយុជន សិស្ស និស្សិត ។ លោកបានបន្តថា សៀវភៅនេះបានរៀបរៀង តាមបទដ្ឋានស្តង់ដាអន្តរជាតិ ដែលមានគុណតម្លៃសម្រាប់ជាតិ និងសម្រាប់សហព័ន្ធកីឡា គុនល្បុក្កតោ ទុកជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សិស្សគុនសិក្សារៀនសូត្រ ។

លោកបានបញ្ជាក់បន្ថែមថា ការបោះពុម្ភសៀវភៅក្បាច់គុនល្បុក្កតោចំនួន៥,០០០ក្បាល់នេះ មានមួយចំណែកជាជំនួយ របស់អង្គការកូរ៉េ (Korea Cultural Heritage Foundation ) ចំនួន៣០០ដុល្លារ ក្រៅពីនោះគឺជាប្រាក់ហោប៉ៅ របស់លោកមផ្ទល់ខ្លួន។ សៀវភៅក្បាច់គុនល្បុក្កតោកម្ពុជាដំបូង ត្រូវបានបោះពុម្ភចប់កាលពីចុងឆ្នាំ២០១៦ ចំនួន៥០០០ក្បាល និងត្រូវចែកជូនតាមបណ្តាសមាគម ក្លិប និងដាក់លក់នៅតាមបណ្ណាល័យ សម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយ បានសិក្សាស្វែងយល់ និងស្គាល់ពីក្បាច់គុនល្បុក្កតោកម្ពុជា៕