ប្រធានក្លិប Real Madrid សន្យាដោះស្រាយបញ្ហាអនាគត របស់កីឡាករ Cristiano Ronaldo

អេស្ប៉ាញៈ យោងតាមសម្តីរបស់ប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez បានឲ្យដឹងថា គ្មានទេចំណាប់អារម្មណ៍លើតារាបាល់ទាត់ Cristiano Ronaldo ដែលបានគម្រាមចាកចេញពីក្លិប ក្រោយជាប់ជុងជាមួយក្រុមអាជ្ញាធរពន្ធដាអេស្ប៉ាញ រួចមកនោះ។

លោក Perez បាននិយាយប្រាប់ស្ថានីយ៍វិទ្យុ Onda Cero ថា គ្មាននរណាម្នាក់បានផ្តល់ជូនសម្រាប់កីឡាករ Ronaldo ឬកីឡាករណាម្នាក់នៅក្នុងក្លិបនោះទេ។

លោកបន្តថា កីឡាករ Ronaldo មានសក្តានុពលខ្លាំងណាស់ ហើយកាន់តែសំខាន់ជាងនេះទៅទៀត សម្រាប់ពួកយើងនៅក្នុងក្លិប។

ប្រធានក្លិបជើងឯកអេស្ប៉ាញ និងអឺរ៉ុប Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មានបេក្ខជនណាម្នាក ត្រូវបានដាក់បញ្ចូលទៅក្នុងគណៈក្រុមប្រឹក្សាភិបាល សម្រាប់តំណែងប្រធានក្លិបនោះទេ ដូច្នេះហើយលោក Florentino Perez Rodriguez នៅតែជាប្រធានក្លិប Real Madrid ដដែល និងជាអ្នកដោះស្រាយបញ្ហាអនាគតរបស់កីឡាករ។

នៅក្នុងចំណោមបញ្ហាបឋម ដែលលោកត្រូវដោះស្រាយ គឺអនាគតរបស់កីឡាករ Ronaldo តែម្តង ដែលគេបានទិញពីក្លិបបិសាចក្រហម Man Utd កាលពីឆ្នាំ២០០៩ ក្នុងតម្លៃជាប់កំណត់ត្រាពិភពលោក១០៥.៣លានដុល្លារ៕