Friends of Coal Auto Fair បានក្លាយជាព្រឹត្តិការណ៍ពិព័ណ៌រថយន្តប្រចាំឆ្នាំរបស់ពលរដ្ឋដែលរស់រដ្ឋ West Virginia សហរដ្ឋអាមេរិក។ កាលពីចុងសប្តាហ៍កន្លងមក ព្រឹត្តិការណ៍ដែលធ្វើឡើងក្នុងគោលដៅសប្បុរសធម៌នេះ ឈានដល់ខួបលើកទី១៣ឆ្នាំរបស់ខ្លួន ដែលរៀបចំនៅទីលាន Raleigh County Memorial Airport ក្រុង Beckley។
រថយន្តជាង៤០០គ្រឿង ដែលមានម៉ូដែលផ្សេងៗគ្នា បានចូលរួមបង្អួតខ្លួននៅក្នុងពិព័ណ៌រថយន្តប្រចាំឆ្នាំនៅលើទីលាន Raleigh County Memorial Airport ក្រុង Beckley នៃរដ្ឋ West Virginia ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Register Herald។
ព្រឹត្តិការណ៍ Friends of Coal Auto Fair បានឈានចូលឆ្នាំទី១៣របស់ខ្លួនកាលពីចុងសប្តាហ៍កន្លងមក ដោយព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឲ្យអ្នកលេងរថយន្តមានឱកាសពិភាក្សាគ្នាលើបទពិសោធន៍ ក៏ដូចជាបញ្ហាផ្សេងៗទាក់ទងនឹងការប្រើប្រាស់រថយន្ត។ បន្ថែពីលើនេះ ក៏មានការបង្ហាញ Show រថយន្តផងដែរ។
ថ្វីត្បិតវាជាការជួបជុំរបស់អ្នកនិយមរថយន្តក៏ដោយ ប៉ុន្តែពិព័រណ៌ Friends of Coal Auto Fair មានការរៀបចំនូវព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ការបង្ហាញម្ហូបអាហារដ៏សម្បូរបែប រួមទាំងការប្រគំតន្ត្រី និងសកម្មភាពលេងកម្សាន្តរបស់កុមារ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពិព័រណ៌ត្រូវបានបង្កើតឡើងដើម្បីរៃអង្គាសមូលនិធិជួយដល់អង្គការសប្បុរសធម៌ដែលធ្វើការលើកកម្ពស់ស្ត្រី កុមារ និងមនុស្សធម៌នៅក្នុងតំបន់។
អ្នកស្រី Janett Green នាយកប្រតិបត្តិអង្គការ Hospice of Southern West Virginia បានលើកឡើងថា៖ «រាល់ជំនួយសប្បុរសពីអ្នកចូលរួម ចាប់ពី៥ដុល្លារ ដល់៥០០០ដុល្លារអាមេរិក ពិតជាបានជួយដល់អង្គការសប្បុរសធម៌ច្រើន។ ការជួបជុំគ្នារបស់ចូលចិត្តរថយន្ត ពិតជាផ្តល់ប្រយោជន៍ច្រើនណាស់ មិនមែនតែលើបញ្ហារថយន្តនោះឡើយ»។
តាមសម្តីដែលដកស្រង់ដោយ The Register Herald លោក Colby Gray ដែលលោក និងសមាជិកគ្រួសារ បាននាំរថយន្ត២៦គ្រឿងចូលក្នុងព្រឹត្តិការណ៍នេះ លើកឡើងថា Friends of Coal Auto Fair ផ្តល់ឱកាសដល់លោកអាចពិភាក្សាជាមួយមិត្តចាស់ៗទាក់ទងនឹងការប្រើប្រាស់រថយន្ត ជាពិសេសម៉ូឌែលចាស់ៗ ។
លោក Colby Gray បាននិយាយថា៖«ខ្ញុំចូលចិត្តព្រឹត្តិការណ៍នេះណាស់ ហើយខ្ញុំរីករាយក្នុងការឆ្លើយរាល់សំណួរទាក់ទងនឹងប្រភេទរថយន្តដែលខ្ញុំប្រើប្រាស់ ជាពិសេសវាបានធ្វើឲ្យខ្ញុំជួបមនុស្សជាច្រើន»៕