អន្តរជាតិ៖ បន្ទាប់ពីប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាលឈប់ប្រើឡានស៊ីរ៉ែន និងបន្ថយចំនួនអង្គរក្សរួចមក ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់ឲ្យមន្ត្រីទាំងអស់ដករូបថតលោក និងរូបថតពួកគេចេញពីការិយាល័យធ្វើការ ហើយដាក់តាំងរូបថតវីរបុរសជាតិវិញ។ លោក ឌូទើតេ និយាយនៅថ្ងៃទី១៨ ខែកក្កដា ថា មន្ត្រីទាំងអស់នោះ មិនទាន់មានស្នាដៃដល់ថ្នាក់តាំងរូបថតខ្លួនឯងឡើយ និងចាត់ទុកការដាក់តាំងរូបថតវីរបុសជាតិជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ និយាយថា រូបថតលោក និងរូបថតមន្ត្រីសាធារណៈដែលដាក់ទាំងនៅតាមការិល័យរដ្ឋាភិបាល នឹងត្រូវដាក់ជំនួយវិញដោយរូបថតវីរបុរសជាតិ។ លោក ឌូទើតេ ក៏នឹងចេញបទបញ្ជាមួយទាក់ទងបញ្ហានេះ ដោយសំដៅហាមប្រើប្រាស់រូបថតមន្ត្រីទាំងអស់នៅកន្លែងធ្វើការ ដោយបានយោងលើហេតុផលថា មន្ត្រីទាំងនោះមិនទាន់ដើរចំណុចដែលគួរលើកតម្កើងដល់ថ្នាក់ដាក់តាំងរូបថតជាសាធារណៈឡើយ។
ថ្លែងក្នុងពិធីប្រគល់កាំភ្លើងខ្លីដល់កងទ័ពហ្វីលីពីននៅវិមានប្រធានាធិបតីនៅថ្ងៃទី១៨ ខែកក្កដា លោក ឌូទើតេ បានបញ្ជាក់ច្បាស់ថា លោកចង់ឲ្យមានការដាក់តាំងរូបថតវីរបុសជាតិវិញ ព្រោះមន្ត្រីទាំងអស់មិនមានស្នាដៃអ្វីដែលអាចយកទៅប្រៀបធៀបស្នាដៃវីវបុរសឡើយ។ លោក ឌូទើតេ ក៏ឆ្លៀតរិះគន់មន្ត្រីខ្លះថាពុករលួយខ្លាំង ហើយរងបណ្ដឹងយ៉ាងច្រើន ប៉ុន្តែនៅតែហ៊ានដាក់រូបថតខ្លួនឯងនៅតាមសាធារណៈទៅទៀត។
បើតាមសារព័ត៌មាន Inquirer.net ប្រធានាធិបតីហ្វីលីពីនពន្យល់ថា ការដាក់តាំងរូបថតវីរបុរសជាតិ នឹងជួយឲ្យក្មេងជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្រ ហើយអាចជំរុញឲ្យពួកគេមកទស្សនាអាគាររដ្ឋាភិបាលទៀតផង។ ចំណែកឯរូបថតមន្ត្រីរដ្ឋាភិបាលដែលត្រូវដកចេញ លោក ឌូទើតេ បានប្រាប់ឲ្យយកទៅតាំងនៅបន្ទប់ទទួលភ្ញៀវក្នុងផ្ទះរបស់ពួកគេវិញ ព្រោះវាជាកន្លែងសក្ដិសមជាងអាគាររដ្ឋាភិបាល។
លោក ឌូទើតេ ក៏បានរំឭកពីវិធានការដូចគ្នានេះ ពេលលោកកាន់តំណែងអភិបាលក្រុង Davao ។ លោក បានប្រាប់អ្នកចូលរួមទាំងអស់ថា រយៈពេលជាង២០ឆ្នាំនៅឯទីក្រុង Davao លោកបានហាមការដាក់តាំងរូបថតរបស់លោកនៅតាមអាគាររដ្ឋ និងបានប្រាប់ឲ្យដាក់រូបថតវីរបុរសជាតិជំនួសវិញ។ យ៉ាងណាក្ដី ប្រធានាធិបតីរូបនេះ មិនអាចបញ្ជាក់ពីពេលវេលាដែលលោកចេញបទបញ្ជាហាមខាត់ការដាក់តាំងរូបថតនេះនៅឡើយទេ។
គេមិនទាន់ដឹងថាបម្រាមរបស់លោក ឌូទើតេ នឹងប៉ះពាល់រូបថតរបស់លោកផ្ទាល់ដែរឬយ៉ាងណាទេ ព្រោះជាប្រពៃណី រូបថតប្រធានាធិបតីតែងត្រូវបានដាក់តាំងនៅតាមអាគាររដ្ឋាភិបាល ជាពិសេសនៅតាមអាគារកងទ័ពដើម្បីជាសញ្ញាបង្ហាញថាអ្នកណាជាមេបញ្ជាការកំពូលកងទ័ព។ ប៉ុន្តែលោក ឌូទើតេ ជាមនុស្សមិនចូលចិត្តការលើកតម្កើងខ្លួនឯង ទំនងជាអនុវត្តតាមប្រពៃណីដែលលោកធ្លាប់ធ្វើនៅពេលកាន់តំណែងចៅហ្វាយក្រុង Davao មិនខាន៕