កងទ័ពប៉ាគីស្ថានបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី១០ឧសភា គេបានបើកការវាយប្រហារ ដោយប្រើមីស៊ីល គ្រាប់កាំភ្លើងធំ និងដ្រូន ទៅលើទីតាំងកងទ័ពឥណ្ឌា ក្នុងទឹកដីឥណ្ឌាតំបន់កាស្មៀរ។ អ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារបារាំង AFP បានឱ្យដឹងថា ពិតមានសំឡេងផ្ទុះយ៉ាងសន្ធឹក នៅព្រឹកថ្ងៃសៅរ៍ នៅទីក្រុងស្រីនគរ (Srinagar) ទីក្រុងធំរបស់តំបន់កាស្មៀរឥណ្ឌា។ មូលដ្ឋានទ័ពអាកាសឥណ្ឌា នៅតំបន់ Awantipora ជិតទីក្រុងស្រីនគរ ដែលបានរងការវាយប្រហារកាលពីវេលាព្រឹកព្រហាម បានរងគ្រាប់សាជាថ្មីទៀតនៅវេលាថ្ងៃត្រង់។ នេះបើផ្អែកតាមប្រភពអះអាងពីសមត្ថកិច្ចឥណ្ឌា។ អាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានឲ្យដឹងផងដែរថា គេបានសម្រេចបិទអាកាសយានដ្ឋានចំនួន២៤កន្លែង ចំណែកបណ្តាញព័ត៌មានឥណ្ឌាវិញ ផ្សាយថាដែនអាកាសឥណ្ឌា នឹងត្រូវបិទរហូតដល់សប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ទី១០ឧសភា អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន បានចេញមុខថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ ប្រកាសថាយ៉ាងហោចណាស់ ទីតាំងមូលដ្ឋានយោធាប៉ាគីស្ថាន២កន្លែង នៅជិតរដ្ឋធានីអ៊ីស្លាម៉ាបាត គឺមូលដ្ឋាន Nour Khan Mourid និងមូលដ្ឋាន Chorkot ដែលជាទីតាំងស្តុកគ្រាប់មីស៊ីលប៉ាគីស្ថាន ត្រូវបានឥណ្ឌាបាញ់មីស៊ីលកម្ទេច នៅវេលាទៀបភ្លឺ។ ដូច្នេះ ប៉ាគីស្ថានបានសម្រេច វាយប្រហារសងសឹកវិញ ទៅលើទីតាំងកងទ័ពរបស់ឥណ្ឌា។
ដោយឡែកអាជ្ញាធរតំបន់កាស្មៀរប៉ាគីស្ថាន បានឲ្យដឹងថា ការវាយប្រហាររបស់ឥណ្ឌាក្នុងវេលាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ បានសម្លាប់ជីវិតជនស៊ីវីល យ៉ាងហោច១១នាក់ ក្នុងនោះមានស្ត្រី៤នាក់ និងកុមារតូចម្នាក់។ លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអះអាងថា ការវាយប្រហាររបស់ប៉ាគីស្ថាន គឺជាការសងសឹកដ៏សក្តិ៍សមបំផុត ចំពោះទង្វើឥណ្ឌាដែលបានវាយប្រហារមកលើទីតាំងយោធាប៉ាគីស្ថាន ស្លាប់ជីវិតប្រជាជនស្លូតត្រង់។ ជាងនេះទៀត ប៉ាគីស្ថានបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ គេបានកោះប្រជុំបន្ទាន់ នូវក្រុមរដ្ឋបាលកងទ័ពទទួលបន្ទុកអាវុធនុយក្លេអ៊ែរ ដើម្បីនិយាយពីយុទ្ធសាស្ត្រទប់ទល់នឹងឥណ្ឌា។
គួរបញ្ជាក់ថា ជម្លោះកាន់តែក្តៅគគុករវាងឥណ្ឌា និងប៉ាគីស្ថាននេះ បានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភធំណាស់ ព្រោះថា គូសត្រូវទាំង២ សុទ្ធតែមានអាវុធនុយក្លេអ៊ែរ ហើយហាក់ពោរពេញដោយកំហឹងជាតិនិយមជ្រុល ចង់យកឈ្នះដៃតែរៀងៗខ្លួន។ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 បានចេញសេចក្តីថ្លែងការណ៍រួមនៅព្រឹកថ្ងៃសៅរ៍ អំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថាន ត្រូវតែទប់កំហឹងឲ្យបាន កុំឲ្យសង្គ្រាមឆាបឆេះឡើង ត្រូវអាណិតប្រជាជនស៊ីវីលស្លូតត្រង់ទាំងសងខាង ដែលត្រូវរត់ភៀសខ្លួនដោយក្តីភ័យតក់ស្លុត។ ក្រៅពីមនុស្សរបួសច្រើនរយនាក់ គិតត្រឹមពេលនេះមានមនុស្សស្លាប់ទាំងសងខាង សរុបជាង៥០នាក់ ដែលភាគច្រើនសុទ្ធតែជនស៊ីវីល។
ចំណែកព្រឹកថ្ងៃសុក្រ លោក Marco Rubio រដ្ឋមន្ត្រីការទូតអាមេរិក បានទូរស័ព្ទទៅនិយាយជាមួយអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន Asim Munir សំណូមពរឲ្យភាគីជម្លោះទាំង២ ភ្ជាប់ទំនាក់ទំនងនិយាយគ្នាដោយផ្ទាល់ ដើម្បីបញ្ចៀសកុំឲ្យមានការភ័ណ្ឌច្រឡំណាមួយក្នុងការវាយប្រហារ ផ្ទុះក្លាយជាសង្គ្រាមដោយចំហរ។ ដូចគ្នាដែរ ចិនបានអំពាវនាវឲ្យភាគីទាំង២ និយាយគ្នា បញ្ចៀសឲ្យបាននូវកំហឹងឆាបឆេះក្លាយជាសង្គ្រាម។ ប៉ុន្មានថ្ងៃមកនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅអ៊ីស្លាម៉ាបាត និងញូដេលី បន្តបន្ទាប់គ្នា ដើម្បីនិយាយសុំខ្លួន ធ្វើជាអ្នកសម្រុះសម្រួលការទូត រវាងឥណ្ឌានិងប៉ាគីស្ថាន៕