អ៊ុយក្រែននិងសម្ព័ន្ធមិត្ត ស្នើរុស្ស៊ីឲ្យទទួលយក​បទឈប់បាញ់ទាំងស្រុង​​៣០ថ្ងៃ ដើម្បីបើកផ្លូវចរចា

លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង លោក​ កៀរ ស្តាមែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ដូណាល់ ទូសក៍ នាយករដ្ឋមន្ត្រីប៉ូឡូញ និង​លោក ហ្វ្រីដ្រិច មែរស៍ អធិការបតីអាល្លឺម៉ង់ បានធ្វើដំណើរទៅជួបជុំគ្នានៅរដ្ឋធានីកៀវ ជួបជាមួយ​លោក​ហ្សេឡេនស្គី កាលពីថ្ងៃទី​១០​ឧសភា។ ក្រៅពីដើម្បី​​ចូលរួមកម្មវិធីបុណ្យ​រំឭកវិញ្ញាណក្ខន្ធ ទាហានក៏ដូចជាប្រជាជនអ៊ុយក្រែន ដែលបានស្លាប់ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី៣ឆ្នាំមកនេះ ថ្នាក់ដឹកនាំទាំង​៥នាក់ បានជួបប្រជុំគ្នា ជាមួយ​លោក​អគ្គលេខាធិការអង្គការអូតង់ និងតំណាងក្រុមប្រទេសស្ម័គ្រចិត្តផ្សេងទៀត ដែលត្រៀមជួយអ៊ុយក្រែន​។ ថ្នាក់ដឹកនាំទាំងអស់ បាននិយាយគ្នាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំថែមទៀតផង។​

នៅក្រោយ​កិច្ចប្រជុំនេះ អ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុប បានស្នើទៅកាន់រុស្ស៊ី ឲ្យទទួលយក​សំណើរបស់​លោកដូណាល់ ត្រាំ ដែល​ទាមទារ​ឲ្យ​មានបទឈប់បាញ់​​ជាបណ្តោះអាសន្ន​រយៈពេល​៣០ថ្ងៃ លើសមរភូមិទាំងស្រុង មិនថាផ្លូវគោក ផ្លូវអាកាសនិង​ផ្លូវទឹក។ ផ្អែកតាមលោក Andriï Sybiga រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន គឺ​អ៊ុយក្រែនបានត្រៀមគោរព​ការផ្អាកការប្រយុទ្ធនេះចាប់ពីថ្ងៃចន្ទសប្តាហ៍​ក្រោយ​ទៅ​ ដើម្បីឈានទៅបើកផ្លូវ​ចរចាសន្តិភាពជាមួយរុស្ស៊ី​។

លោក​ម៉ាក្រុ​ង បានអះអាងថា បារាំងក៏ដូចជាសហភាពអឺរ៉ុប នឹងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៅលើរុស្ស៊ី ប្រសិន​បើរុស្ស៊ី​នៅតែមិនទទួលយកបទឈប់បាញ់​បណ្តោះអាសន្ន​នេះ​។ លោកម៉ាក្រុង​លើកឡើងទៀតថា ក្នុងករណីមាន​បទឈប់បាញ់ នោះត្រូវតែរៀបចំឲ្យ​មានការចរចា និយាយគ្នា​​ដោយ​ផ្ទាល់ រវាង​រុស្ស៊ីនិងអ៊ុយក្រែន​។ ចំណែក​លោកអធិការបតីថ្មី​​អាល្លឺម៉ង់ ដែលទើបចូលកាន់តំណែងជាផ្លូវការ បានគំរាមថាអាល្លឺម៉ង់នឹង​បន្តផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែនច្រើន​សន្ធឹក ប្រសិនរុស្ស៊ីនៅតែរឹងរូសមិន​បើកផ្លូវចរចាសន្តិភាព​។ នៅលើបណ្តាញសង្គមX វិញ លោកស្រី អួរស៊ូឡា វ៉ុន ដឺឡាយ៉េន ប្រធានគណកម្មការអឺរ៉ុបបាន​លើកឡើងថា ចាប់ពីពេលនេះទៅ គឺអ្វី​ៗវាស្ថិតនៅលើ​ការសម្រេចចិត្តរបស់​រុស្ស៊ីហើយ​។

សូមបញ្ជាក់ថា សំណើ​បទឈប់បាញ់​ទាំងស្រុង បណ្តោះអាសន្ន និង​ដោយ​ឥតលក្ខខណ្ឌនេះ គឺត្រូវបាន​ស្នើដោយរដ្ឋបាលលោក​ដូណាល់ ត្រាំ តាំងតែពីខែមីនាម្លេះ ហើយអ៊ុយក្រែនក៏បានយល់ព្រមហើយដែរ។ តែផ្ទុយទៅវិញ គឺរុស្ស៊ីដែល​នៅតែមិនយល់ព្រម ដោយ​លើកឡើងថា ត្រូវតែធ្វើតាមការទាមទាររបស់ខ្លួនជាមុនសិន​។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ ABC អ្នកនាំពាក្យ​វិមានក្រេមឡាំង បាន​លើកឡើងថា ចង់ឲ្យ​មាន​បទឈប់បាញ់ គឺទាល់តែសម្ព័ន្ធមិត្តលោកខាងលិចសន្យាឈប់ផ្តល់អាវុធទៅ​ឲ្យអ៊ុយក្រែនជាមុនសិន។ អ្នកនាំពាក្យរុស្ស៊ីរូបនេះអះអាងថា អំឡុងពេលនេះកងទ័ពរុស្ស៊ីកំពុងរុលទៅមុខ​យ៉ាងសង្ហារ ដូច្នេះ​បើផ្អាកការប្រយុទ្ធ៣០ថ្ងៃ គឺមិនខុសអីពីទុកពេលវេលា​ឲ្យអ៊ុយក្រែនប្រមូលអាវុធនិងកម្លាំងនោះទេ​។

ដោយសង្កេតឃើញ​ដំណើរអូសជើងរបស់​រុស្ស៊ី លោក​ដូណាល់ ត្រាំ បាន​ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថារុស្ស៊ីត្រូវតែទទួល​យក​បទឈប់បាញ់បណ្តោះអាសន្នជាបន្ទាន់ ពុំនោះទេអាមេរិកនិងអឺរ៉ុប នឹងដាក់ទណ្ឌកម្មបន្ថែម​។ គួរកត់សំគាល់ដែរ ថាគិតមកទល់ពេលនេះ រុស្ស៊ីបានសុខចិត្ត​ផ្អាកការប្រយុទ្ធតែ៣ថ្ងៃទេ គឺពីថ្ងៃ​៨ដល់ថ្ងៃ១០​ឧសភា ក្នុងឱកាសបុណ្យ​ខួបជ័យជំនះ​ក្នុងសង្គ្រាមលោកលើកទី​២។ ជាកម្មវិធីដើរដង្ហែរក្បួនយោធា ដែល​លោកពូទីនបានរៀបចំឡើងនៅទីក្រុងម៉ូស្គូដើម្បីបង្អួតកម្លាំង ដោយ​មាន​ប្រទេសមហាមិត្តរបស់រុស្ស៊ីជាង​២០​ប្រទេសចូលរួម​ ក្នុងនោះមានលោក​ស៊ី ជីនពីងផងដែរ​។ តាមការសង្ស័យ​របស់ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែន រុស្ស៊ីអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំមកលើអ៊ុយក្រែន ដោយ​ប្រើ​មីស៊ីលបាលីស្ទីក ក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះ​៕