យុវតីម្នាក់ត្រូវជនមិនស្គាល់មុខរំលោភ ហើយសម្លាប់

ខេត្តរតនគិរី៖ យុវតីដ៏ស្រស់ស្អាតម្នាក់ជនជាតិភាគតិចទំពួនជាសិស្សថ្នាក់ទី១១ នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុងត្រូវបានជនមិនស្គាល់មុខចាប់រំលោភរួចហើយមួល.កសម្លាប់យ៉ាងព្រៃផ្សៃអណោចអធ័មបំផុតនៅក្នុងចម្ការដំឡូងមីមួយកន្លែង។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលបានកើតឡើងវេលាម៉ោង៨នឹង៣០នាទីព្រឹកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងចម្ការដំឡូងមីក្បែរផ្លូវក្រាសគ្រួសក្រហមប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រោយពីមានការភ្ញាក់ផ្អើលត្រូវសមត្ថកិច្ចរួមមាននគរបាលការិយាលវិទ្យាសាស្ត្រនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងមន្ត្រីប៉េអឹម ស្រុក ខេត្ត និងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តចុះធ្វើកោសល្យវិច្ច័យ ក្រោយពីធ្វើកោសលវិច្ច័យរួចមកសមត្ថកិច្ចបានឲ្យអ្នកសារព័ត៌មានដឹងថា ជនរងគ្រោះមានឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី១១នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុង រស់នៅភូមិ ឃុំកើតហេតុខាងលើ។

 

សមត្ថកិច្ចដដែលបានបន្តទៀតថា នៅលើដងខ្លួនសាកសពមើលឃើញមានស្នាមរបួសមួលបំបាក់.ក និងស្នាមរយះក្បាល និងបែកជង្គុងទាំងសងខាង និងប្រដាប់ភេទរបួសយ៉ាងដំណំ ហើយតាមការប៉ាន់ស្មានរបស់សមត្ថកិច្ចជនរងគ្រោះមុនពេលសម្លាប់គឺជនល្មើសបានច្របាច់.ក រួចមួល.ក បន្ថែម ហើយជនសង្ស័យមិនមែនម្នាក់ឯងនោះទេ ចាប់ពីរពីរនាក់ឡើងទៅ។

 

បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសមត្ថកិច្ចកំពុងស្វែងរកមុខឃាតករឲ្យខានតែបាន។

 

ជុំវិញព័ត៌មានខាងលើត្រូវបានឪពុកម្តាយជនរងគ្រោះដែលមានឈ្មោះខាំ ឡាកេល អាយុ៥២ឆ្នាំ ជាឪពុក និងម្តាយមានឈ្មោះ តក់ ដូច អាយុ៥០ឆ្នាំ បានរៀបរាប់ថា កូនគាត់ស្លាប់ជាកូនទី៦«កូនពៅ» នៅថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹកកូនស្រីរបស់គាត់ដែលជានារីរងគ្រោះនេះបានសុំឪពុកម្តាយមកទីរួមខេត្តរតនគិរី ជិះម៉ូតូម៉ាកសង់C125ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី1C-4009 ជិះម្នាក់ឯងដោយប្រាប់ឪពុកម្តាយថា មកកម្មវិធីនៅភោជនីយដ្ឋានរតនលីនា ទល់មុខសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដើម្បីមករាំរបាំប្រពៃណីជនជាតិទំពួនឲ្យអង្គការមីឌីវ័ន្ត នាថ្ងៃអាទិត្យនោះដែរ ដល់ម៉ោង៧យប់ឪពុកម្តាយបានទូរស័ព្ទទៅរកកូនជាច្រើនដងតែគ្មានអ្នកទទួលទើបនៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹកម្ចាស់ចម្ការឈ្មោះសួង សុខលី ឃើញម៉ូតូជនរងគ្រោះឃ្លាតពីសាកសព២០ម៉ែត្រ ហើយដើរទៅមុខឃើញសពនារីរងគ្រោះនិងមានការភ្ញាក់ផ្អើរដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។

តាមប្រភពព័ត៌មាន ពីឈ្មោះ ថង សៃ ភេទស្រី អាយុ២០ឆ្នាំ មុខរបរសិស្សរៀនជាមួយគ្នា និងធ្វើការអង្គការមីឌីវ័ន្ត បានឲ្យអ្នកសារព័ត៌មានដឹងថានៅថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ ថ្ងៃត្រង់អង្គការខាងលើបានរៀបចំកម្មវិធីមួយដែលមានឈ្មោះធម្មជាតិរបស់អ្នកហើយអញ្ចើញនារីរងគ្រោះមករំាល្បាំជនជាតិទំពួនដល់ម៉ោង១២ចប់កម្មវិធីនារីរងគ្រោះឈ្មោះ កេល លាភ នៅហូបបាយរួមគ្នាជាមួយមិត្តភ័ក្ត្រជាច្រើនទៀតរហូតដល់ម៉ោង៣រសៀលទើបបែកគ្នាអស់ ហើយមិត្តភ័ក្ត្រមិនដឹងនារីរងគ្រោះទៅណាខ្លះទេ ទើបមកដល់ថ្ងៃនឹងមានការភ្ញាក់ផ្អើលដឹងថានារីរងគ្រោះរំលោភសម្លាប់ ៕