រដ្ឋបាលខេត្តរតនគិរី រៀបចំវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ដែលជាប់ឆ្នោតថ្មីអាណត្តិទី៣ ឆ្នាំ២០១៩

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី ក្រោមកិច្ចសហការពី នាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី តំណាងឯកឧត្តមអភិបាលខេត្ត និងលោក លឹម ពុទ្ធារី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងមានការអញ្ជើញចូលរួមពីសិក្ខាកាម លោក លោកស្រី សមាជិកក្រុមក្រុង ស្រុក ដែលជាប់ឆ្នោតថ្មី ពុំទាន់បានទទួលវគ្គបណ្តុះបណ្តាលកន្លងមក។

ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ ដែលបានរៀបចំឡើងនាពេលនេះ គឺដើម្បីសម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតកាលពីពេលកន្លងមក ក្នុងអាណត្តិទី៣ និងសមាជិកក្រុមប្រឹក្សាដែលពុំទាន់ទទួលបានវគ្គបណ្តុះបណ្តាល ដែលអាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកបានក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕