រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានដុតបំផ្លាញចោលគ្រឿងញៀនមួយចំនួន

ព្រឹកថ្ងៃចន្ទ ទី ១៥ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនី មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណមុខសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

ឯកឧត្តម ងួន រតន: អភិបាលខេត្ត នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង និងធ្វើផ្តាំផ្ញើទៅប្រជាពលរដ្ឋទូទៅពិសេសប្អូនៗយុវសិស្សនៅតាមសាលារៀន និងតាមសហគមដើម្បីជួយទប់ស្កាត់ការប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀន ព្រោះគ្រឿងញៀនវាធ្វើឲ្យុំនុស្សយើងខូចសុខភាពរហូតដល់បាត់បង់ជីវិតទៀតផង។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបងដែលតែងតែបានចូលរួមសហការជាមួយកងកម្លាំងទាំងអាវុធហត្ថខេត្ត និងនគរបាលខេត្តជាសមត្ថកិច្ចជំនាញចុះបង្រ្កាបទល្មើសផ្សេងៗ ពិសេសការបង្រ្កាបគ្រឿងញៀនបានទាន់ពេលវេលាកន្លងមក។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឲ្យបានជោគជ័យ គឺផ្តើមចេញពីខ្លួនយើងនិងយើងនាំគ្នាទាំងអស់គ្នាទើបសម្រេចបានជោគជ័យឈានដល់ការកាត់បន្ថយ ទាំងអ្នកប្រើប្រាស់ ចែកចាយជួញដូរគ្រឿងញៀនឲ្យអស់នាពេលខាងមុខ។

សូមបញ្ជាក់ថា សកម្មភាពក្នុងការបង្ក្រាបរយៈ ៦ខែ ដើមឆ្នាំ២០១៩ របស់អាវុធហត្ថ និងសមត្ថកិច្ចនគរបាលបានបង្រ្កាបការជួញដូរគ្រឿងញៀនកន្លងមកបានលទ្ធផល និងរឹបអូសបានមាន ១៦៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៩៨នាក់ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY)ចំនួន ៦១០៩៤គ្រាប់ ប្រភេទ ក្រាមពណ៌សរថ្លា(ICE)១១១២១ក្រាម Ketamine ចំនួន០.២២ក្រាម អ៊ិចស្តាស៊ី(MCMA) ចំនួន ១.០៤ក្រាម កញ្ឆាក្រៀមចំនួន២.៤០ក្រាម កញ្ឆាស្រស់ចំនួន៣៥៦ដើម ព្រមទាំងឧបករណ៍ និងសំភារៈមួយចំនួនទៀត ។ ដោយឡែកថ្នាំញៀនដែលត្រូវដុតកម្ទេចចោលជាក់ស្តែងនាថ្ងៃនេះដោយផ្អែកលើសាលក្រមស្ថាពរមានចំនួន៦៦ ក្នុងនោះមាន÷១, ប្រភេទម៉ាទឹកកទម្ងន់៣៨០.១៣ក្រាមនិងប្រភេទយ៉ាម៉ា ៥១៩.៥គ្រាប់៕