សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍មិនមែនមានតែនៅកម្ពុជានោះទេ

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ ជាបញ្ហាដែលមិនមែនកើតមានតែ នៅក្នុង ព្រះរាជាណាចក្រកម្ពុជានោះឡើយ ជាក់ស្តែងនៅក្នុងពិភពលោក បញ្ហានេះបានកើតឡើងនៅស្ទើរគ្រប់ប្រទេស។ សម្តេចក្រឡាហោម បានលើកឡើងដូចនេះនៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​​​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ នៅទៅស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោមបានបន្តថា បញ្ហាអន្តោប្រវេសន៍គឺទាក់ទិននឹងបញ្ហាប្រវត្តិសាស្រ្ត សេដ្ឋកិច្ច នយោបាយ ដែលជាទូទៅបញ្ហានេះមានការវិវត្តន៏ស្មុគស្មាញ លំបាកដោះស្រាយហើយការដោះ ស្រាយតម្រូវឲ្យ មានកិច្ចសហការ ពីភាគីពាក់ព័ន្ធ និងការចូលរួមគាំទ្រពីសាធារណជនក៏ដូចជា សាធារណមតិអន្តរជាតិផងដែរ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងបន្ថែមថា ចំពោះកម្ពុជាយើងបញ្ហាអន្តោប្រវេសន៍មិនមែនទើបតែ កើតមាននៅក្នុងជំនាន់ បច្ចុប្បន្ននោះទេ វត្តមានជនបរទេសដែលបានមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាបានកើតមានតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្ល៉េះ ដែលក្នុងនោះច្រើនជាងគេគឺចិននិងវៀតណាម។ សម្តេចក្រឡាហោមបន្តថា បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រដ្ឋាភិបាលដែលប្រសូត ចេញពីការបោះឆ្នោតបានប្រកាន់យករបបគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកស្ទួយការគោរព សិទ្ធិមនុស្ស និងនីតិរដ្ឋដោយបានចាត់ទុកការងារគ្រប់គ្រងជនបរទេស ជាកិច្ចការអាទិភាពមួយក្នុងចំណោម កិច្ចការអាទិភាពនានាដែល ត្រូវ ដោះស្រាយ ព្រមជាមួយគ្នានោះសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ ត្រូវបានរៀបចំ និងដាក់ជូនរដ្ឋសភាអនុម័ត ហើយត្រូវបានព្រះមហាក្ស ត្រឡាយព្រះហស្តលេខាប្រកាសដាក់ឲ្យប្រើប្រាស់ជាប្រញាប់កាលពីខែកញ្ញាឆ្នាំ១៩៩៤ ក្នុងគោលបំណងជំរុញឲ្យមានការដោះ ស្រាយបញ្ហា ជនបរទេសអន្តោប្រវេសន្ត ដែលបានចូលមកតាំងទីលំនៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តដោះ ស្រាយបញ្ហានេះត្រូវអូសបន្លាយ និងរាំងស្ទះដោយសារតែមូលហេតុនយោបាយ។

សម្តេចក្រឡាហោមបានបន្ថែមទៀតថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ដឹកនាំប្រកបដោយការទទួល ខុសត្រូវខ្ពស់ក្នុងនាមជា សេនាធិការជូនរាជរដ្ឋាភិបាលក្នុងការរៀបចំឯកសារបទដ្ឋានគតិយុត្តនានាជាច្រើន និងបានចាត់តាំងអនុវត្ត ការងារ គ្រប់គ្រង ជនបរទេស ដែលចូល-ចេញ ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលនានាជាច្រើន ដើម្បីចូលរួមអនុវត្តគោលនយោ បាយ បើកចំហរជើងមេឃ សំដៅទាក់ទាញ អ្នកទេសចរ ពាណិជ្ជករ អ្នកវិនិយោគ និងក្នុងការរក្សាសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមព្រមទាំងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សម្តេចក្រឡាហោមបន្តទៀតថា ចំពោះការដោះស្រាយបញ្ហា ជនបរទេស អន្តោប្រវេសន្ត ក្រសួងមហាផ្ទៃបានចាត់ចែងធ្វើជំរឿនស្ថិតិជនបរទេសចំនួន ៣ លើក គឺនៅក្នុងឆ្នាំ ១៩៩៥,  ឆ្នាំ ២០០២, និងឆ្នាំ ២០១៥-១៦ សំដៅចាត់វិធានការដើម្បីគ្រប់គ្រងវិភាគវាយតម្លៃអំពីស្ថានភាពនៃជនបរទេសអន្តោប្រវេសន្ត និងបង្ការទប់ស្កាត់ការលួចជ្រៀតចូលថ្មីៗដែលខុសច្បាប់ចូលមកព្រះរាជាណាចក្រ កម្ពុជា៕