សម្តេចក្រឡាហោម ស ខេង អះអាងថា ចាប់ពីពេលនេះតទៅនឹងគ្មានការលើកលែងចំពោះមន្រ្តីណាដែលផ្តល់នូវឯកសារសញ្ជាតិកម្ពុជាមិនត្រឹមត្រូវដល់ជនបរទេសនោះឡើយ ខណៈរហូតមកដល់ពេលនេះការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេសបានចំនួន ៣៧,៤៤១ច្បាប់ និងបណ្ដេញទៅប្រទេសគេវិញជិតពីរម៉ឺននាក់ហើយនោះ។
នៅក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីពេលនេះតទៅត្រូវតែលុបបំបាត់ចំពោះការផ្តល់នូវឯកសារ ឬអត្តសញ្ញាណដល់ជនបរទេសដោយគ្មានអនុក្រឹត្យ ឬរាជក្រឹត្យ។ សម្តេចបានគូសបញ្ជាក់ថា «កន្លងមកមានករណីនេះច្រើនណាស់ចំពោះការផ្តល់នូវឯកសារគ្មានរាជក្រឹត្យត្រឹមត្រូវដល់ជនបរទេស ហើយក្នុងនាមជាមន្រ្តីអនុវត្តន៍ច្បាប់ត្រូវ បញ្ឈប់ដាច់ខាត់បើពុំដូច្នេះទេនឹងត្រូវទទួលទោសទៅតាមច្បាប់»។ សម្ដេចក្រឡាហោម បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ត្រូវមានវិធានការចំពោះមន្រ្តីដែលមិនបានបំពេញតាមតួនាទីរបស់ខ្លួន ក្នុងករណីបំពានច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងជនអន្តោប្រវេសន្តនេះ។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន្តបានឲ្យដឹងថា រហូតមកដល់ពេលនេះអាជ្ញាធរបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលកាន់កាប់ និងប្រើប្រាស់ដោយជនបរទេសគឺមានចំនួន៣៧,៤៤១ច្បាប់ ក្នុងចំនួន២០,០៩៣គ្រួសារ មនុស្សរួមចំនួន៦៩,៨៧១នាក់៕