សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានមូលនិធិអន្តរជាតិ ចូលសម្តែងការគួរសម

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក Gilbert F.Houngbo ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development-IFAD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះលោក ហ៊ុងបូ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យប្រតិភូ របស់លោក បានចូលជួបសំដែងការគួរសមផង និងដើម្បីស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជាផង ។ លោកមានប្រសាសន៍ថា លោក​បាន​មកកម្ពុជាប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅពេលដែលលោក បានមកដល់កម្ពុជានៅពេលនេះ លោកឃើញថា កម្ពុជាមានការប្រែមុខ​ប្រែមាត់យ៉ាង​ខ្លាំង មានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍ និងគោរពនូវវីរភាពដឹកនាំ របស់សម្ដេចយ៉ាងខ្លាំងជាទីបំផុត។

ក្នុងឱកាសនេះដែរ លោក ហ៊ុងបូ បានគោរពស្នើសុំសម្ដេចតេជោ ស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជា ព្រោះនៅថ្ងៃទី២៧ កក្តដា​ស្អែក​នេះលោកទៅខេត្តកណ្ដាល ដើម្បីពិនិត្យមើលពីស្ថានភាពកសិកម្មនៅទីនោះ។ ជាការឆ្លើយតប សម្តេច តេជោ នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អ ដែលធ្លាប់ជារៀងដរាបមក បានធ្វើការរួមគ្នា ជាពិសេស លើវិស័យកសិកម្មនេះ។ សម្តេចបាន​បញ្ជាក់ថា ចំពោះកម្ពុជា វិស័យកសិកម្ម គឺមានការព្រួយបារម្ភទៅលើ៖ ទី១ ផលិតកម្ម ទី២ គឺការនាំចេញនោះ គឺសំដៅដល់ទីផ្សារតែម្ដង។ ពាក់ព័ន្ធនឹងការនាំចេញ កាលដើមឡើយនៅកម្ពុជា បានដាក់ចេញនូវនយោបាយនាំអង្ករចេញ១លានតោន ប៉ុន្តែគោលនយោបាយនេះ មិន​បាន​ទទួលជោគជ័យទេ គឺជោគជ័យតែ ៥០ភាគរយតែប៉ុណ្ណោះ , នោះគឺការផលិតស្រូវ គឺមានការកើនឡើងតាមគោលដៅមែន ប៉ុន្តែការនាំ​ចេញគឺពុំទាន់បានទទួលជោគជ័យនៅឡើយ។ ក្នុងន័យនេះ កត្តាមិនជោគជ័យ គឺមូលហេតុមកពី ទី១ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន គឺផលិតស្រូវអង្ករដើម្បីនាំចេញដូចគ្នាដែរ ទី២ ការផលិតរបស់កម្ពុជាយើងគឺនៅមានតម្លៃខ្ពស់នៅឡើយ ក្នុងន័យនេះសម្តេចក៏បាន ស្នើសុំ​ឲ្យអង្គការអាហ្វាត ជួយពិនិត្យមើលចែករំលែកនូវបទពិសោធន៍ដែលមាន និងការស្រាវជ្រាវដែលមាន ដើម្បីចែករំលែកដល់កម្ពុជាយើង។ សម្តេចបន្តថា ការបារម្មណ៍ដទៃទៀត រួមមានការកើនឡើង ប្រជាជនកម្ពុជាយើង ដែលតម្រូវការទំហំដីសម្រាប់ធ្វើកសិកម្មកាន់តែច្រើនឡើង ។

ក្នុងន័យនេះ សម្តេចបានជម្រាបជូនគណៈប្រតិភូថា កម្ពុជាកំពុងតែធ្វើយ៉ាងណា ឲ្យប្រជាកសិករយើង ធ្វើការដាំដុះនៅលើទីតាំងដី ដែលសមស្របនឹងដំណាំកសិកម្ម ដែលអាចទទួលបានផលច្រើន និងជំរុញការអនុវត្តប្រពលវប្បកម្ម នោះសោតគឺជំរុញការដាំដុះ ដើម្បីឲ្យបានទទួលផលច្រើននៅលើផ្ទៃដីដែលមានស្រាប់ ដោយពុំចាំបាច់ធ្វើការពង្រីកផ្ទៃដីឡើយ ។

សម្ដេចក៏បានជម្រាបជូនប្រតិភូដែរ អំពីកង្វល់របស់កម្ពុជាយើង លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ ដើម្បីធ្វើយ៉ាងណាឲ្យមានពូជ ដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើង សម្ដេចតេជោ បានជម្រាបជូនប្រតិភូថា កម្ពុជាយើងបានដាក់ចេញ នូវអាទិភាព៤ កាលពីឆ្នាំ១៩៨៥ម៉្លេះ នោះគឺមាន ទឹក ផ្លូវ ភ្លើងនិងធនធានមនុស្ស ប៉ុន្តែនៅពេលនេះអាទិភាពនេះ ក៏បានប្រែប្រួល ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ , ហើយការប្រែប្រួលនេះ គឺបន្ទាប់ពីមានការវិវត្តន៍ជាច្រើនកន្លងមក ជាពិសេសការត​ភ្ជាប់ពី​តំបន់១ ទៅតំបន់១ នៃតំបន់ជនបទកម្ពុជា, ដែលធ្វើអោយកម្ពុជាយើង អាចទ្រទ្រង់នៃកំណើនសេដ្ឋកិច្ច ដល់ប្រមាណ៧ភាគរយ ក្នុងរយៈ​ពេលជាង២០ឆ្នាំមកនេះ នោះគឺដោយសារការតភ្ជាប់ និងដោយសារការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចទៅដល់ជន​បទដោយសមធម៌​នេះឯង៕