នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាប្រជុំសាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងក្រុមការងារគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុងស្រុកឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានាក្នុងខេត្តចូលរួមប្រមាណជាង៣០០នាក់។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីការងរការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងខេត្តបាត់ដំបង ដោយគិតត្រឹមឆមាសទី១ នេះ បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កើតឡើងចំនួន ៤៤លើក លើឃុំ សង្កាត់ ចំនួន ៨៧ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២៩១១ ខ្នង ស្មើនឹង ២៩១១ គ្រួសារ រលំផ្ទះសង្កត់ស្លាប់ ០១ នាក់ ខូចខាតសាលារៀនចំនួន ៣ ខ្នង ខូចខាតអាគារវត្តអារាម ចំនួន ០២ អាគារ និងរន្ទះបាញ់បានកើតឡើងចំនួន ០៤ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ០៣ នាក់ និងរងរបួសមនុស្សចំនួន ១៩ នាក់។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានជម្រាបជូនបន្តទៀតថា ក្នុងឆ្លើយតបគ្រោះមហន្តរាយនេះ កន្លងមកបានធ្វើការដោះស្រាយ និងឆ្លើយតបដោយបាននាំយកអំណាយរបស់សម្តេចក្រឡាហោម ចុះសួរសុខទុក និងចែកជូននៅស្រុកថ្មគោលចំនួន ២៧៩គ្រួសារ ខ្នងផ្ទះ ស្មើនឹង ២៧៩ ខ្នងផ្ទះ និងតាមរយៈក្រុមការងារថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអង្គការដៃគូរ បានចំនួន ២៦៣២ ខ្នងផ្ទះ ក្នុងនោះបានប្រើប្រាស់ស័ង្កីចំនួន ២០០០០ សន្លឹក ដែលជាអំណាយរបស់សម្តេចក្រឡាហោម ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញាតិឲ្យលោកមេឃុំ សហគមន៍ ប្រធានមន្ទីរជំនាញពាក់ព័ន្ធឡើងរាយការណ៍ជូនអង្គប្រជុំជាក់ស្តែងនៅតាម
មូលដ្ឋានរបស់ខ្លួននឹងក្នុងខេត្តទាំងមូលដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ជាតិ ។
ឯកឧត្តម ក៏បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺយើងក្តាប់ឲ្យបានរាល់ព័ត៌មានផ្សេងៗពិសេសការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ ជួយសង្រ្គោះ មានសំភារ: និងស្បៀងនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗនៅមូលដ្ឋាន។
ឯកឧត្តម បានបន្តថា ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋរហូតមក និងក្នុងនាមលោកជាអនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលមាន អភិបាលខេត្តជាប្រធានកិត្តិយសស្រាប់ ត្រូវបន្តយកចិត្តទុកដាក់និងសហការគ្នាធ្វើការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕