ហ្គេមបាញ់ត្រី ក្បែរច្រមុះជ្រូកក្បាលថ្នល់ ពលរដ្ឋថាអាជ្ញាធរខណ្ឌចំការមនជាអ្នកបើក

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី២កន្លែងនៅក្បែរគ្នា តាមបណ្តោយផ្លូវ២៧១ ក្បែរច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកដំណើរការដោយគ្មានញញើតអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនឡើយ។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតទាំងឡាយណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់។ គម្រោងនៃការមានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើក ឡើងពីបញ្ហាដែលកន្លែងបើកអុីនធើណេតមួយចំនួនបានលួចបង្កប់ល្បែងសុីសងខុសច្បាប់ បំភាន់ភ្នែកសមត្ថកិច្ច ។

គួររំលឹកថា កន្លងមកលោកផ្កាយ៣ ស ថេត ស្នងការរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំង១២ខណ្ឌ។ ប៉ុន្តែបទបញ្ជាទាំងនេះ វាហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលម្ចាស់ទីតាំងហ្គេមបាញ់ត្រី២ខាងលើបើកដំណើរដោយគ្មានអាជ្ញាធរណាមួយមកបង្រ្កាបឡើយ។

បច្ចុប្បន្នប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាប មាន៤ចំណុច ទី១-មកពីមិនដឹង ទើប មិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពី ម្ចាស់ទីតាំងល្បែងបង់ លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ដូច្នេះហើយ ប្រជាពលរដ្ឋបានសុំពរដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទៅពិនិត្យ និងបង្ក្រាបផង។ ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិឃុំមានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ៕