ភ្នំពេញ ៖ បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដែលស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះជាកន្លែងរបស់មន្ដ្រីនគរបាលផ្នែកព្រហ្មទណ្ឌម្នាក់ឈ្មោះ សៀង សាញ់ ដែលជាកូនចៅរបស់លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យផ្ទាល់តែម្តង។
ប្រជាពលរដ្ឋរបានលើកឡើងថាទៀតថា កន្លងមកទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ សុទ្ធតែសន្យា អះអាង អនុវត្តន៍តាមយុទ្ធសាស្រ្ត លក្ខណៈសម្បត្តិភូមិ-ឃុំមានសុវត្តិភាពទាំង ៩ចំណុច ដើម្បីបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខក្នុងមូលដ្ឋាន ជាសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែនៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ អាជ្ញាធរ សមត្ថកិច្ចម្តេចមិនមានវិធានការទប់ស្កាត់ បង្ក្រាបនោះទេ ឬមួយក៏ជាឆ្នាំងបាយ ឬក៏គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះមាននៅតែលើស្លាកនោះទេ?
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ចំៗថា ទីតាំងសង្វៀនជល់មាន់និងលេងអាប៉ោងទាំងនេះមកពី លោកម៉េង វិមានតារា អធិការខណ្ឌមានជ័យ មិនយកចិត្តទុកដាក់ លុបបំបាត់ល្បែងស៊ីសងទាំងអស់នេះ ដើម្បីពង្រឹងសន្តិសុខសង្គម ស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថភាព ៩ចំណុច ។ ហេតុនេះហើយទើបល្បែងស៊ីសង រាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងទឹកដីខណ្ឌមានជ័យជាពិសេសនៅចំណុចសង្វៀនជល់មាន់ និងអាប៉ោង ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១នឹងតែម្ដង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ហើយការបណ្តោយឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន គឺជាសញ្ញាបង្ហាញ ពីការបរាជ័យនៃការអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ជាពិសេសគឺការអនុវត្តរបស់អធិការខណ្ឌមានជ័យ។
សូមបញ្ជាក់ថា ទីតាំងទាំងនោះបានធ្វើការប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់យ៉ាផុសផុល ប៉ុន្តទីតាំងខាងលើក៏នៅតែបើកដំណើរការយ៉ាងរលូនវិញដដែល។
ចំពោះករណីខាងលើនេះដែរ បណ្ដាញសារព័ត៌មាន បានទំនាក់ទំនងតាមរយះសារអេឡិចត្រូនិច(WhatsApp) ទៅលោកអធិការ ប៉ុន្តែលោកពុំមានការឆ្លេីយ៕