សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។ ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជា មួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាកា រិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូប នៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងក្រសួងទេសចរណ៍និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានរាយការណ៍ ជូនសម្តេចតេជោថា ការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូប នៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលនឹងបង្ហាញឲ្យឃើញកាន់ តែអស្ចារ្យនូវពហុកីឡដ្ឋានជាតិមរកតតេជោ សម្រាប់ទទួលការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាង សង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក. ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេក ទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណា យថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ២០០ លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀម ធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។ ឯ.ឧបណ្ឌិត ថោង ខុន បានចាត់ទុកនេះ គឺជាមហាសមិទ្ធិផលដ៏អស្ចារ្យក្នុងសម័យទំនើប និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយឯ.ឧសង្កត់ធ្ងន់ថា កម្ពុជាបាននិងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់អគារពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ដ៏ធំរបស់កម្ពុជា កើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ។សម្តេចតេជោ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោក ថោង ខុន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ពិនិត្យលើដំណើរការសាងសង់ពហុកីឡដ្ឋាននេះឡើង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នៅមានតម្រូវការសាងសង់អគារជាច្រើនទៀត ហើយកម្ពុជាបើកឱ្យប្រទេសមានបំណងជួយចូលមកជួយ កុំឱ្យថាកម្ពុជាយកតែជំនួយពីចិន។ សម្តេចតេជោ បានថ្លែងថា ប្រទេសខ្លះរកស៊ីជាមួយចិនយ៉ាងច្រើនជាងកម្ពុជា តែគេមិនមានបញ្ហាអ្វី។ ដណ្តើមវិនិយោគចិនទៅប្រទេសគេច្រើនណាស់ តែអត់មានបញ្ហា បែរកម្ពុជាមានបញ្ហាទៅវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនមិនចង់យកកម្មករ និងអ្នកបច្ចេកទេសមកធ្វើការនោះទេ តែដោយសារតែកម្ពុជាខ្វះកម្មករ និងអ្នកបច្ចេកទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចាប់ផ្តើមត្រៀមរៀបចំថវិកាទុកបម្រុងសម្រាប់ការចំណាយក្នុងពេលធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ហើយដោយបានចាប់ផ្តើមកាត់ប្រាក់ទុកជាបណ្តើរៗហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការទទួលស្វាគមន៍វត្តមានកីឡាករ កីឡាការិនីបរទេសឱ្យបានដិតដល់ មិនត្រូវឱ្យគេចេញទៅវិញ មានការរិះគន់ថា កម្ពុជាទទួលមិនបានដិតដល់នោះទេ៕