នារសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគវាលរាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំពីវឌ្ឍនភាពការងារដែលរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឲ្យមានការរីកចំរើនលើគ្រប់វិស័យ និងថ្លែងនូវការអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់រៀបចំ និងការថែរក្សាសន្តិសុខសុវត្ថិភាពក្នុងថ្ងៃប្រណាំងទូករយៈពេល២ថ្ងៃកន្លងមកនេះ ឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានសហការជាមួយអាជ្ញាធរខេត្ត រៀបចំកម្មវិធីប្រកួតកីឡាខាងលើ និងវគ្គបណ្តុះបណ្តាលជំនាញប្រណាំងទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ ប្រកបដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលផ្នែកសង្គម និងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបច្ច័យនាំឱ្យកម្ពុជា ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងនាមសម្ដេចក្រឡាហោម ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដូចជា៖
១. ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូករ៉ូអ៊ីង ទូទាំងប្រទេស
២. ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី/ខេត្ត និងក្រសួង/ស្ថាប័ន ចាំបាច់ត្រូវមានទូកប្រចាំសមាគម ដើម្បីងាយស្រួលហ្វឹកហាត់ និងចូលរួមប្រកួតថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិ លើកទី៣ (3rd National Games) ចាប់ពីឆ្នាំ២០២០ តទៅ
៣. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការ រៀបចំការប្រកួតបាននៅគ្រប់កម្រិត
៤. ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើន នៅតាមបណ្តាសមាគមទូទាំងប្រទេស
៦. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគម ហើយត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ ឱ្យបានច្រើនតាមដែលអាចធ្វើបាន៕