ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរឯកឧត្តម គន់ គីម ចុះពិនិត្យទីតាំងកន្លែងបាក់ច្រាំងទន្លេនៅស្រុកស្ទឹងត្រង់

ថ្ងៃចន្ទ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងកន្លែងបាក់ច្រាំងទន្លេ នៅភូមិព្រែកស្តី  និងភូមិព្រះអណ្តូងទី២  ក្នុងឃុំព្រះអណ្តូង និងភូមិពាមក្នុង និងភូមិពាមក្រៅ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះរងការបាក់ស្រុតជាបន្តបន្ទាប់ និងស្ថិតនៅទល់មុខសាលាបឋមសិក្សាព្រះអណ្តូង ព្រមទាំងអាចបណ្តាលឲ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំឲ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ នៃ​ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។

សូមជម្រាបដែរថា បន្ទាប់ពីបានទទួលសំណើពីខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតក្រុមការ​ងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង៖

– ទី១ ៖ នៅភូមិក្រៅ  ឃុំពាមកោះស្នា  ស្រុក ស្ទឹងត្រង់  ប្រវែង  ៥០០ម

– ទី២៖ នៅភូមិព្រះអណ្តូងទី២  ឃុំព្រះអណ្តូង  ស្រុកស្ទឹងត្រង់  ប្រវែង  ២០០ម និង

– ទី៣ ៖ នៅភូមិព្រែកស្តី  ឃុំព្រះអណ្តូង  ស្រុកស្ទឹងត្រង់  ប្រវែង  ៣០០ម ។

​ឯកឧត្តម គន់ គីម ​អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាក្រុមការងារក្រសួង ដែលបានចាត់វិធានការបន្ទាន់ចំពោះមុខនាពេលនេះ ក៏ដូចជាវិធានការយូរអង្វែងដែលត្រូវអនុវត្តបន្តនាពេលខាងមុខ៕