ទូរហ្គេមបាញ់ត្រី យីហោ “LY114″ក្រោមដីក្នុងខណ្ឌឬស្សីកែវ កំពង់បង្វក់ក្មេងៗ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

ទីតាំងទូរហ្គេមបាញ់ត្រីក្រោមដី កំពង់បង្វក់ក្មេងៗ ដោយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឬចុះបិតទីតាំងនេះបានឡើយ។ ទីតាំងហ្គេមបាញ់ត្រី និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លើង) ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញក្រុមបងធំប្រមូលផ្តុំ ទាំងយប់ទាំងថ្ងៃនៅកន្លែងខាងក្រោមផ្ទះថ្មហ្គេមបាញ់ត្រី និងច្រកចូលផ្លូវក្រោមដី ដែលជាទីតាំងដ៏សំខាន់សម្រាប់ក្រុមបងធំ និងក្រុមចែកចាយគ្រឿងញៀន គាត់ចរាចណ៍ចែកចាយ។ ប្រភពដដែលបានបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ ជាពិសេសក្មេងស្រីៗដែលពួកគាត់មកពីធ្វើការយប់ និងបង្កអសន្តិសុខក្នុងមូលដ្ឋានស្ទើតែរាល់ថ្ងៃ ដែលជាហេតុបណ្ដាលឲ្យកូនចៅរបស់ពួកគាត់មានការភិតភ័យមិនហ៊ានទៅធ្វើការឡើយ។

គួររំលឹងផងដែរថា សម្តេចក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ និងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ បានបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងរាជធានីភ្នំពេញ៕