សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិជំរឿន បានគូសបញ្ជាក់ថា ជំរឿន ប្រជាជននឹងផ្ដល់នូវទិន្នន័យប្រជាជនទាន់សម័យកាល ដែលជាមូលដ្ឋានសម្រាប់ការតាមដានដំណើរការនៃកិច្ចអភិវឌ្ឍន៍ ការវាយតម្លៃ និងការរៀបចំគោលនយោបាយផ្សេងៗដែលជាតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទិន្នន័យនេះមានតម្លៃណាស់សម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ដទៃទៀត និងការសហការជាមួយប្រព័ន្ធស្ថិតិអន្តរជាតិ។
សម្តេចក្រឡាហោម បានធ្វើការគូសបញ្ជាក់ដូចនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាសណ្ឋាគារភ្នំពេញ ដែលរៀបចំឡើងដោយគណ:កម្មាធិការជាតិជំរឿន នៃក្រសួងផែនការ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថា ជំរឿនប្រជាជនរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៩នេះ និងផ្ដល់នូវទិន្នន័យច្បាស់លាស់អំពីទំហំប្រជាជន និងចរិតលក្ខណៈប្រជាជនបន្ទាប់ពីជំរឿនប្រជាជនឆ្នាំ២០០៨ ដែលទិន្នន័យទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ទាំងឡាយសម្រាប់ធ្វើសេចក្តីសម្រេចប្រកបដោយប្រសិទ្ធភាពក្នុងការកសាងផែនការឆ្ពោះទៅរកការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សម្តេចក្រឡាហោមបានបន្តទៀតថា គោលនយោបាយជាតិប្រជាជន គឺជាលទ្ធផលសំខាន់មួយដែលទទួលបានពីការធ្វើជំរឿន
ប្រជាជនឆ្នាំ២០១៩ផងដែរ ហើយការធ្វើចំណោលប្រជាជនដោយផ្អែកលើទិន្នន័យជំរឿនក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយរាជរដ្ឋាភិបាល ក្រសួងផែនការ និងបណ្ដាក្រសួងផ្សេងៗ។ សម្តេចក្រឡាហោមក៏លើកឡើងដែរថា គ្រប់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិ និងបណ្ដាអ្នកស្រាវជ្រាវ មានជំនឿទុកចិត្តលើទិន្នន័យជំរឿន និងទទួលស្គាល់ថាជាស្ថិតិផ្លូវការថ្នាក់ជាតិផងដែរ៕