នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈ កម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះមានការចូលរួមពី អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារង ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក និងប្រធានមន្ទីរ-អង្គភាពដែលជាសមាជិក សមាជិកា អនុគណៈ កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តមួយចំនួនទៀត។
បន្ទាប់ពីមានការចូលរួមមតិយោបល់ពីសមាជិក សមាជិការ ឯកឧត្ដមអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ១.ត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សីលធម៌១០ចំណុច ឲ្យបានទូលំទូលាយថែមទៀត តាមរយៈការសង្ខេបខ្លឹមសារខ្លីៗងាយយល់ ដោយធ្វើការបែងចែកជាក្រុមតូចៗ ផ្សព្វផ្សាយតាមខ្នងផ្ទះ តាមសហគមន៍នៅមូលដ្ឋាន តាមទីប្រជុំជន និងសាលារៀន។, ២.ត្រូវពង្រឹងគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ និងការអនុវត្ត វិធានការ ល្បាតចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍។, ៣.ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ ដោយផ្ដោតជាសំខាន់ លើការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរមិនគោរពសិទ្ធអាទិភាព មិនប្រកាន់ស្ដាំ និងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេស ធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្តបំពាក់កញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាពឲ្យបានច្រើនជាអតិបរមា។, ៤.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាព រៀបចំស្លាកសញ្ញាចរាចរណ៍ឲ្យបានគ្រប់ ទីតាំងសំខាន់ៗនៅលើដងផ្លូវ និងគំនូសរលាក់(Rumble strips) នៅមុខស្លាកសញ្ញាបន្ថយល្បឿន និងជិតផ្លូវបំបែកជាបួន, ៥.ត្រូវបន្តធ្វើការណែនាំ អប់រំ ព្រមទាំងអនុវត្តវិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។, ៦.រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីអនុវត្តច្បាប់ត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ អ្នកបើកបររថយន្តដឹកកម្មកររៀងរាល់ថ្ងៃអាទិត្យ៕