សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិជំរឿន បានអំពាវនាវដល់ មន្ត្រីទាំងអស់ដែលពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពទាំងអស់នៃការធ្វើជំរឿនទូទៅប្រជាជននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ សូមយកចិត្តទុកដាក់អនុវត្តការងារដើម្បីទទួលបានជោគជ័យក្នុងការកែច្នៃទិន្នន័យនៃការធ្វើជំរឿន ការវិភាគ និងការ ផ្សព្វផ្សាយ ទិន្នន័យជំរឿនបានទាន់ពេលវេលា។ សេចក្តីអំពាវនាវនេះបានធ្វើឡើងឱកាស សម្តេច អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ផ្សព្វផ្សាយតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩នេះនាសណ្ឋាគារភ្នំពេញ។ សម្តេចក្រឡាហោម ដែលជាប្រធាន គណ:កម្មាធិការជាតិជំរឿនបានមានប្រសាសន៍បន្តថា ជំរឿនប្រជាជន ជាការងារជាតិដ៏ធំធេងមានសារៈសំខាន់បំផុត និងមានចរិតប្រវត្តិសាស្ត្រ ហើយនៅពាក់កណ្ដាលឆ្នាំ ២០២០ ការងារនេះនឹងនាំមកនូវព័ត៌មានអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជនសំខាន់ៗ ជាលម្អិតតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ភូមិដែលជាកម្រិតភូមិសាស្រ្តតូចបំផុតនៅព្រះរាជាណាចក្រកម្ពុជាយើង។ សម្តេចក្រឡាហោមបានបន្ថែមថា ជំរឿនទូទៅប្រជាជន ចាំបាច់ណាស់គឺត្រូវការខិតខំប្រឹងប្រែង បំពេញការងារក្នុងស្មារតីសហការ និងទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំរឿនគ្រប់ថ្នាក់តាំងពីសមាជិក សមាជិកានៃគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់ រហូតដល់អាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិ និងមន្ត្រីនគរបាល ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច ជាងនេះទៅទៀតមន្រ្តីសម្ភាសន៍ មន្ត្រីត្រួតពិនិត្យក្នុងការប្រតិបត្តិការជំរឿន រួមទាំងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នជាតិ និងបងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសក៏ជាចំណែកមួយសម្រាប់ការចូលរួមអនុវត្តកិច្ចការសកម្មភាពនៃការធ្វើជំរឿនទូទៅប្រជាជនដោយជោគជ័យ។
សូមបញ្ជាក់ថា តាមទិន្នន័យបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុប តាមវិធីសាស្រ្ត ( de-facto) មានចំនួន ១៥.២៨៨.៤៨៩នាក់ ក្នុងនោះមានប្រុស ៧.៤១៨.៥៧៧នាក់ និងស្រី ៧.៨៦៩.៩១២នាក់។ អត្រាកំណើន ប្រជាជនប្រចាំឆ្នាំបានថយចុះពី ១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨មក ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជាក្នុងទសវត្សចុងក្រោយនេះ ពិនិត្យឃើញថាខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ដែលមានតែមួយភាគរយ។ រាជធានីខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតគឺភ្នំពេញមាន២.១២៩.៣៧១នាក់ ហើយខេត្តកែបមានប្រជាជនតិចជាងគេបំផុត ៤១.៧៩៨នាក់។ ទំហំគ្រួសារជាមធ្យមមាន៤.៦ សម្រាប់ទូទាំងប្រទេស។ ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦នាក់ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េនៅឆ្នាំ២០១៩៕