សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីស្រីលង្កា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា- ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះបានអញ្ជើញចូលរួមវេទិកាធុរកិច្ច​កម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាពិជេជូកម្មកម្ពុជា ឲ្យដឹងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំ “វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា​ជាមួយ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង សភាពាណិជ្ជកម្មកូឡំបូ ប្រទេសស្រីលង្កា ក្នុងដំណើរ​ទស្សន​កិច្ចផ្លូវ​រដ្ឋរបស់ ឯកឧត្តម ម៉ែអ៊ីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នេះ។ វេទិកានេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្រៅពីវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូឡំបូ នឹងចុះអនុស្សរណៈយោគយល់ស្តីពីការ​បង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្កា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៨ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងគោល​បំណងលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មកម្ពុជា នឹងផ្តល់កិច្ច សហការ និងការគាំទ្រ ក្នុងការរៀបចំជំនួបពាណិជ្ជកម្មរវាងធុរជននៃប្រទេសទាំងពីរ និងដំណើរទស្សនកិច្ចទៅកាន់សហគ្រាស តាមវិស័យពាក់ព័ន្ធ នានាផងដែរ។
សម្តេចតេជោហ៊ុនសែនមានប្រសាសន៏ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះកម្ពុជា​សម្រេចបាន​នូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ 7,7 ភាគរយហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូល​ទាបទៅជាប្រទេសមានចំណូល​មធ្យមកម្រិត​ទាបក្នុងឆ្នាំ 2015។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ 2018 សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា 7,2% ដែលអត្រាកំណើននេះជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ 2019។ សុច្ចនាករនេះបង្ហាញថាកម្ពុជាកំពុងស្ថិតនៅ​លើគន្លងនៃ​ការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ 2030 តាមការកំណត់ក្នុងរបៀបវារៈ​នៃគោល​នយោបាយជាតិ។ ក្នុងក្របខណ្ឌនៃការវិនិយោគកម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្ដានុពល​សម្រាប់អ្នកវិនិ​យោគទាំង​ក្នុងស្រុកនិងទាំងបរទេស។ ជាក់ស្ដែងផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយៈពេល 5 ឆ្នាំកន្លងទៅ (2014 -2018) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន 959 គម្រោងក្នុងទុនវិនិយោ​គសរុបចំនួនប្រមាណ 23 ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន 1 លានកន្លែង។ ដោយឡែកតួលេខវិនិយោគក្នុងឆមាសទី 1 ឆ្នាំ 2019 បង្ហាញពីភាពវិជ្ជមានជាច្រើនដែលគម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន 153 គម្រោងក្នុងទុនវិនិយោគប្រមាណ 5,2 ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី 1 ឆ្នាំ 2018 ដោយចំនួនគម្រោងមានការកើនឡើង 48 គម្រោងខណៈដែលទុនវិនិយោគមានការកើនឡើង៕

,