ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំសំខាន់ៗមួយចំនួន ជុំវិញការដោះស្រាយចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។ ក្នុងសេចក្ដីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដល់ប្រជាពលរដ្ឋ ម្ចាស់លំនៅ ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន មន្ទីរពេទ្យ សាលារៀន ជុំវិញការចតយានយន្តនៅលើទ្រូងផ្លូវ និងការដ្ឋានផ្សេងៗនៅលើចិញ្ចើមផ្លូវជាដើម។
បើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៨ សីហា ក្នុងរយៈពេលកន្លងមក ពលរដ្ឋមួយចំនួន ដែលជាម្ចាស់លំនៅ ម្ចាស់សហគ្រាស មន្ទីរពេទ្យ សាលារៀនមួយចំនួន បានប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវ មិនទាន់បានសមស្រប និងបំពានលើបទប្បញ្ញត្តិច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ សកម្មភាពរំលោភបំពានទាំងនោះ គឺការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវ ធ្វើជាចំណត ការតសំយ៉ាប និងការតាំងទំនិញប្រកបអាជីវកម្មជាដើម ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ។ ដើម្បីដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកផ្លូវចំនួន ១១ខ្សែ ជាអាទិភាពគំរូ មុននឹងអនុវត្តនៅទីតាំងផ្សេងៗទៀត។
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំចំណុចសំខាន់ ៣ចំណុច ដោយផ្ដោតលើប្រជាពលរដ្ឋ ម្ចាស់លំនៅ ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន មន្ទីរពេទ្យ សាលារៀន ទាក់ទងនឹងការចតយានយន្តនៅលើទ្រូងផ្លូវ។ ជាមួយគ្នានេះ ការហាមមិនឲ្យម្ចាស់ការដ្ឋានសំណង់គ្រប់ប្រភេទ ដែលព័ទ្ធការដ្ឋាននៅលើចិញ្ចើមថ្នល់ ពិសេសការប្រើប្រាស់ចិញ្ចើមផ្លូវ ក្នុងការដាក់សម្ភារសំណង់ផ្សេង។